ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់ ដែលបានបង្កើតការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នោះ បានឈ្នះសិទ្ធិទៅប្រកួត World Cup ជាលើកទី១របស់ពួកគេ ក្រោយពីពួកគេបានផ្តួលក្រុមជម្រើសជាតិកូសូវ៉ូ ក្នុងលទ្ធផល ២-០ ដើម្បីកក់កៅអីទៅជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨។

ជាមួយនឹងការមានអត្រាប្រជាជនសរុប៣៣ម៉ឺននាក់ អ៊ីស្លង់ បច្ចុប្បន្ន បានក្លាយជាប្រទេសតូចជាងគេបំផុតមិនធ្លាប់មានពីមុនមកក្នុងការលេងក្នុងព្រឹត្តិការណ៍ World Cup ដើម្បីបំបែកកំណត់ត្រាដែលត្រូវបានគ្រប់គ្រងដោយក្រុមជម្រើសជាតិទ្រីនីដាដ និងតូបាហ្គោ ដែលមានអត្រាប្រជាជន១,៣លាននាក់។

សិង្ហបុរី ដែលមានអត្រាប្រជាជនចន្លោះពី៣,៤ ទៅ៥,៦លាននាក់នោះ ក៏មានក្តីសង្ឃឹមក្នុងការឈ្នះកៅអីទៅលេងក្នុង World Cup ជុំផ្តាច់ព្រ័ត្រ ផងដែរ ក្រោយពីមានប្រទេសតូចជាងពួកគេជាច្រើនធ្វើបានសម្រេចរួចជាស្រេច។ ប្រទេសទាំង៧ដែលបានឈ្នះសិទ្ធិទៅលេងក្នុង World Cup ជាមួយនឹងអត្រាប្រជាជនតិចជាងសិង្ហបុរីនោះរួមមាន៖

១. អ៊ីស្លង់

ក្រុមជម្រើសជាតិអ៊ីស្លង់ទើបតែបានឈ្នះសិទ្ធិទៅលេងក្នុង World Cup ជាលើកទី១ ជាមួយនឹងអត្រាប្រជាជនសរុបត្រឹមតែ៣៣ម៉ឺននាក់ប៉ុណ្ណោះ។

២. ទ្រីនីដាដ និងតូបាហ្គោ

ពួកគេបានឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ជាមួយនឹងអត្រាប្រជាជនតិចជាង២លាននាក់ ប៉ុន្តែ បានបញ្ចប់ដោយស្មើ១លើក និងចាញ់២លើក។

៣. កូវ៉ែត

ក្រុមជម្រើសជាតិកូវ៉ែត បានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup ឆ្នាំ១៩៨២ នៅប្រទេសអេស្ប៉ាញ ជាមួយនឹងអត្រាប្រជាជនសរុបតិចជាង២លាននាក់ ប៉ុន្តែ បានធ្លាក់ត្រឹមវគ្គចែកពូល ក្រោយពីស្មើ១លើក និងចាញ់២លើក។

៤. អៀរឡង់ខាងជើង

ក្រុមជម្រើសជាតិអៀរឡង់ខាងជើង បានឈ្នះសិទ្ធិទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៥៨ ជាមួយនឹងអត្រាប្រជាជនត្រឹមតែ១,៤លាននាក់ប៉ុណ្ណោះកាលពីពេលនោះ។ ពួកគេក៏បានឈានទៅប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨២ និង១៩៨៦ ជាមួយនឹងអត្រាប្រជាជន១,៨លាននាក់ផងដែរ។

៥. ស្លូវេនី

ក្រោយពីបំបែកចេញពីយូហ្គោស្លាវី ក្រុមជម្រើសជាតិស្លូវេនី បានឈ្នះសិទ្ធិទៅលេងក្នុង World Cup ឆ្នាំ២០០២ នៅកូរ៉េខាងត្បូង ហើយក៏បានឈានទៅ World Cup ឆ្នាំ២០១០ ផងដែរ ខណៈដែលពួកគេមានអត្រាប្រជាជនត្រឹមតែ២លាននាក់ប៉ុណ្ណោះ។

៦. ហ្សាម៉ាអ៊ីក

ក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក បានឈ្នះសិទ្ធិទៅលេង World Cup ឆ្នាំ១៩៩៨ ជាមួយនឹងអត្រាប្រជាជនសរុបត្រឹមតែ២.៨លាននាក់ប៉ុណ្ណោះ។

៧. សាធារណរដ្ឋអៀរឡង់

សាធារណរដ្ឋអៀរឡង់ បានឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី១កាលពីឆ្នាំ១៩៩០ ខណៈដែលពួកគេបានឈ្នះសិទ្ធិទៅលេងក្នុងយុទ្ធនាការនេះក្នុងឆ្នាំ១៩៩៤ និងឆ្នាំ២០០២ ផងដែរ ជាមួយនឹងអត្រាប្រជាជនប្រមាណជា៣លាននាក់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia