បរទេស៖ លោក Roberto Mancini កំពុង​តែសោក​ស្តាយ​ពីការ​រង​​ប​រា​ជ័យ​ដ៏​ឈឺ​ចាប់​បំផុតនៃ​អាជីព​ជា​គ្រូបង្វឹក​​របស់​លោក ក្រោយពី​ការ​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​នៅ​នាទី​ចុងក្រោយ ក្នុងលទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វាន​ខាង​ជើង ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​អវត្ត​មាន​ក្នុង​ព្រឹត្តិការណ៍ World Cup ជាលើក​ទី​២​ជាប់​ៗ​គ្នា​។

លោក Mancini បាន​ក្លាយ​ជា​វីរ​បុរស​របស់​ជាតិ ក្រោយពី​បាន​ដឹកនាំ​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​​អុីតាលី រួច​​ផុត​ពីសុបិន​អាក្រក់​នៃ​ការ​ខក​ខានក្នុងការ​ឈ្នះកៅអី​ទៅលេង World Cup ឆ្នាំ​២០១៨ និង​​ឈ្នះ​ពាន​ Euro ឆ្នាំ ២០២០។ ប៉ុន្តែ ទោះ​បី​ជា​យ៉ា​ណា ទម្រង់​លេង​របស់​ពួក​គេ បាន​ធ្លាក់​ចុះ ចាប់​តាំងពី​​រាត្រី​ដ៏​រីក​រាយនោះ ហើយ​ក្រោយពី​​ខ្ជះ​ខ្ជាយ​ឱកាសក្នុងការ​ឈ្នះកៅអី​ជា​ស្វ័​យ​ប្រវត្តិ កាលពី​ខែ​វិច្ឆិកា អុីតាលី បាន​ធ្លាក់​ចេញយ៉ាង​អា​ម៉ាស​ក្នុង​ទីក្រុង Palermo ក្នុង​ការ​ប្រកួត​វគ្គ Playoff ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​។

លោក Mancini បាន​ប្រាប់​​សារ​ព័ត៌​មាន RAI ថា៖ «ដោយ​សារ​តែ​​ខែ​កក្កដា គឺ​ជា​​ខែ​ដែលមាន​រឿ​​ង​រ៉ា​វល្អ​បំផុត​ដែល​កើត​ឡើង​ក្នុង​អាជីព​របស់ខ្ញុំ​ នេះ​គឺ​ជា​ការ​ខកចិត្ត​ដ៏ធំបំផុត​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​សោក​សៅ​ជំនួស​កីឡាករ​របស់​ខ្ញុំណាស់​។ ការ​ខកចិត្ត​ពិត​ជា​ធំ​ពេកហើយ​សម្រាប់​ខ្ញុំដែលមិនអាច​​ឲ្យ​ខ្ញុំ​និយាយ​ពីអនា​គត​បាន​ឡើយនៅពេលនេះ»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia