បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយក្រែន ត្រូវ​ការ​ឈ្នះ​ត្រឹម​តែ​​១​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ឈ្នះ​កៅអី​ទៅ​ប្រកួត World Cup ក្រោយពី​បានផ្តួលក្រុម​បាត់​ជម្រើស​ជាតិ​ស្កុត​ឡេន ក្នុងលទ្ធ​ផល ៣-១ ក្នុង​ការ​ប្រកួត​វគ្គ Playoff ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​ទីក្រុង Glasgow កាលពីថ្ងៃពុធ ក្នុង​ការ​ប្រកួតផ្លូវ​ការ​ជាលើក​ដំបូង​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពី​ប្រទេស​នេះ ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​រុស្ស៊ី​។

កីឡាករ Andriy Yarmolenko, Roman Yaremchuk និង Artem Dovbyk សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា​សម្រាប់​ក្រុម​អ៊ុយក្រែន ដើម្បី​ឈាន​ទៅ​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​វេលស៍ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃ​អាទិត្យ ដើម្បី​ប្រជែង​យក​​កៅអី​ទៅកាន់​ប្រទេស​កា​តា នៅ​ចុង​ឆ្នាំ​នេះ​។ ការ​ប្រកួត​នេះ ត្រូវ​បាន​ពន្យារ​ពេល​​តាំងពី​ខែមីនា ពោល​គឺ​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍ ក្រោយពី​សង្គ្រាម​បាន​ចាប់​ផ្តើម ដើម្បីផ្តល់​ឱកាស​ឲ្យ​អ៊ុយក្រែន បំពេញ​ការ​ប្រកួត​របស់​ខ្លួន​។ កីឡាករ​៦នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​១១នាក់ដំបូង របស់​ក្រុម​ភ្ញៀវ នៅ​តែ​ជាប់​កិច្ច​សន្យា​ជាមួយនឹង​ក្លិប​របស់​អ៊ុយក្រែន​នៅឡើយ និងមិនធ្លាប់បាន​លេង​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ទាល់​តែ​សោះ អស់រយៈពេល​ជា​ច្រើន​ខែមកហើយ​។

ខ្សែ​ការ​ពារ Oleksandr Zinchenko របស់​ក្លិប Manchester City បាន​ស្រក់​ទឹកភ្នែក នៅ​ល្ងាចថ្ងៃ​មុន​ការ​ប្រកួតមក​ដល់ នៅពេល​ដែល​រូប​គេ​បាន​រៀប​រាប់​ថា វា​មានន័យ​បែបណា ក្នុង​ការ​ជួយ​ឲ្យ​អ៊ុយក្រែន ឈ្នះកៅអី​ទៅ World Cup​។ ប៉ុន្តែ ពួក​គេ​​មិន​បាន​បង្ហាញពី​សញ្ញា​នៃ​ការ​អន់​ថយ ឬ​ក៏ធ្វើ​ឲ្យ​ការ​រំពឹង​ទុក​របស់​ប្រទេស​ខ្លួន ខកចិត្ត​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia