លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានសារភាពកាលពីថ្ងៃអង្គារថា លោកបានទស្សនាការរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Juventus កាលពីរដូវកាលមុន ម្តងហើយម្តងទៀត ដើម្បីត្រៀមសម្រាប់ការប្រកួតរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ក្នុងទីក្រុង Turin នៅរាត្រីនេះ។

ក្រុម Juventus បានផ្តួល Barcelona ក្នុងវគ្គ ៨ក្រុមចុងក្រោយដោយសារតែការរកបានគ្រាប់បាល់៣គ្រាប់ក្នុងជើងទី១ នៅកីឡដ្ឋាន Allianz Stadium និងការបញ្ចប់ក្នុងលទ្ធផលស្មើ នាកីឡដ្ឋាន Camp Nou ក្នុងដំណើររបស់ពួកគេឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Cardiff មុននឹងក្រុមយក្សរបស់អ៊ីតាលីមួយនេះ បានរងបរាជ័យក្រោមស្នាដៃក្រុម Real Madrid។

លោក Valverde ដែលបានចូលជំនួសកន្លែងរបស់លោក Luis Enrique កាលពីខែឧសភា កន្លងទៅ បានឲ្យដឹងថា៖ «ខ្ញុំបានទស្សនាការប្រកួតជើងទី១ ម្តងហើយម្តងទៀត ដើម្បីត្រៀមលក្ខណៈ។ នោះគឺជាវគ្គចាញ់ធ្លាក់ ហើយស្ថានភាពខុសគ្នានៅពេលនេះ ប៉ុន្តែយើងពិតជាដឹងថា Juventus ចាប់ផ្តើមយ៉ាងរឹងមាំ ហើយយើងត្រូវតែត្រៀមលក្ខណៈឲ្យរួចរាល់សម្រាប់ការវាយបកនោះ»។

នៅរដូវកាលនេះ ក្រុម Juventus បានរងបរាជ័យក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Barcelona ហើយលោក Valverde រំពឹងទុកថា ក្រុមម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ នឹងធ្វើការវាយសម្រុកយ៉ាងខ្លាំងគ្រប់ស្ថានភាពទាំងអស់ ក្រោយពីការពារពាន Serie A របស់ពួកគេ បានជួបការខកចិត្តមួយដោយសារតែ ការបរាជ័យ ៣-២ នៅលើទឹកដីក្រុម Sampdoria។ គ្រូបង្វឹករបស់ក្រុម Barcelona រូបនេះបានបញ្ជាក់ថា៖ «នៅពេលដែលក្រុមដ៏ធំបែបនេះ រងបរាជ័យក្នុងការប្រកួត ពួកគេចង់ធ្វើការស្តារមុខមាត់ភ្លាមៗ ហេតុនេះ ខ្ញុំរំពឹងទុកថា នឹងមានការវាយដ៏ខ្លាំងពីក្រុម Juventus»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24