ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានលត់ក្រុម APOEL យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ក្នុងទីក្រុងស៊ីប ដើម្បីឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុម Liverpool បានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ ៣គ្រាប់ក្នុងការប្រកួតដ៏រំភើបនៅលើទឹកដីក្រុម Sevilla។

ក្រុម Real របស់លោក Zinedine Zidane បានធ្វើការស្តារមុខមាត់ពីការរងបរាជ័យរបស់ពួកគេក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Tottenham Hotspur កាលពីជុំមុន តាមរយៈការលត់ក្រុម APOEL យ៉ាងចាស់ដៃ ខណៈដែលពួកគេបានរកបាន ៤គ្រាប់នៅត្រឹមតង់ទី១។ លោក Zidane បានឲ្យដឹងថា៖ «វាពិតជាការប្រកួតដ៏ល្អមួយសម្រាប់យើង។ យើងកំពុងតែស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។ យើងកំពុងតែធ្វើរឿងដ៏ល្អ ហើយយើងកំពុងតែបង្កើតនូវភាពខ្លាំង។ វាមិនងាយស្រួលឡើយ ប៉ុន្តែវាជាការបង្ហាញពីទម្រង់លេងដ៏ពេញលេញមួយ ហើយយើងបាល់បញ្ចូលទីយ៉ាងឆាប់រហ័ស»។

ក្រុមម្ចាស់ជើងឯក ១២សម័យកាលមួយនេះ ត្រូវតែរង់ចាំរហូតដល់នាទីទី១២ ដើម្បីរកគ្រាប់បាល់នាំមុខមុន តាមរយៈកីឡាករ Luka Modric ប៉ុន្តែ រកបានដល់ទៅ៥គ្រាប់ក្នុងចន្លោះពេលត្រឹមតែ១៥នាទីនៃតង់ទីនីមួយៗ ដើម្បីធ្វើឲ្យពួកគេឈានទៅវគ្គបន្តដោយងាយតែម្តង។ ប៉ុន្តែក្រុម Tottenham បានបញ្ចប់ដោយឈរលេខ១ ក្នុងពូល H ក្រោយពីបានវាយបកដើម្បីផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធផល ២-១។ ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯក៥សម័យកាល Liverpool បានខ្ជះខ្ជាយឱកាសនៃការទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈដែល Sevilla បានវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់៣គ្រាប់ ដើម្បីតាមស្មើក្នុងលទ្ធផល ៣-៣៕