Sevilla បានវាយបកយ៉ាងសាហាវជាមួយ Liverpool ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល E។

ក្រុមមកពី La Liga ត្រូវជើងខ្លាំងមកពីអង់គ្លេសនាំមុខ មុនរហូត៣គ្រាប់នៅវគ្គទីមួយតែបានវាយបក៣គ្រាប់តាមស្មើវិញនៅវគ្គទីពីរយ៉ាងភ្ញាក់ផ្អើល ដូចគ្នានឹងការវាយបករបស់ Liverpool ខ្លួនឯងកាលពីវគ្គផ្ដាច់ព្រ័ត្រ Champions League ២០០៥ជាមួយ AC Milan នៅ ទីក្រុង Istanbul តាំងពីចាញ់៣ទល់០ រហូតឈ្នះដោយបាល់ប៉េណាល់ទីនឹងលើកពានតែម្ដង។

ការប្រកួតកាលពីយប់មិញ លេងបានតែ ២នាទី Coutinho បានលើកបាល់ជ្រុងឲ្យ Firmino ស៊ុតចូលនាំមុខមុនទាំងព្រលឹម។ លុះដល់នាទី២៩ Mane លោតចាក់អន្ទង់តែតបានមួយគ្រាប់ទៀត មុនពេល Firmino បន្ថែមគ្រាប់ទី៣នៅមួយនាទីក្រោយមក ជាការស៊ុតសល់ពី Mane។

នៅវគ្គទីពីរលេងបាន៥នាទី Wissam Ben Yedder បានតែតសងឲ្យ ម្ចាស់ផ្ទះបានមួយគ្រាប់វិញ ជាការចាប់ផ្ដើមនៃដំណើរវាយបករបស់ពួកគេ។ នាទី៥៩ខ្សែប្រយុទ្ធសញ្ជាតិបារាំងដដែលបានបន្ថែមគ្រាប់ទីពីរ ជាការទាត់បាល់ប៉េណាល់ទីក្រោយ Moreno បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។ នៅចុងម៉ោងរៀបចប់ការប្រកួតទៅហើយ Guido Pizarro ក្លាយជាវីរបុរសស៊ុតតាមស្មើឲ្យ Sevilla បានមួយពិន្ទុនៅទឹកដីរបស់ខ្លួន។

ដោយឡែកមួយគូទៀតនៅពូល E ដែរ ក្រុម Spartak Moscow បានស្មើគ្នា ១ទល់១ ជាមួយ Maribor ធ្វើឲ្យក្រុម៣មាន Liverpool, Sevilla និង Spartak Moscow មានពិន្ទុក្បែរៗគ្នា មិនទាន់រកឃើញក្រុមណាកក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយនៅឡើយ៕





ប្រភពពី: Sabay