កីឡាករខ្សែការពារកណ្តាលក្រុមជម្រើសជាតិព័រទុយហ្គាល់ Pepe បាននិយាយថារូបគេពិតជាចង់លេងរួមក្រុមជាមួយគ្នាជាថ្មីជាមួយកីឡាករមិត្តរួមជាតិនិង ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់កីឡាករ Cristiano Ronaldo នៅក្លឹបយក្សទួគីគឺក្រុម Besiktas។ ខ្សែការពារល្បីលេងកាច Pepe វ័យ 34ឆ្នាំ និងកំពូលខ្សែប្រយុទ្ធ Ronaldo មានវ័យ 32ឆ្នាំហើយ ប៉ុន្តែពួកគេនៅតែមានឪកាសបានជាប់ជម្រើសជាតិនៅឡើយ ខណៈដែលរូបគេទាំងពីរនាក់បានចំណាយពេលលេងនៅកីឡាដ្ឋាន Santiago Bernabeu របស់ក្រុមស្តេចស Real Madrid រយៈពេល 8ឆ្នាំ។

ថ្លែងប្រាប់បណ្តាញសារពត៌មានCNN Pepe កីឡាករដែលមានដើមកំណើតនៅប្រទេសប្រេស៊ីលរូបនេះ បាននិយាយថា៖ អ្នកគាំទ្រនៅទីនេះគឺពិតជាល្អបំផុតហើយអស្ចារ្យណាស់ ការពិតញុំចង់អោយគាត់ Ronaldo មកកាន់ទីនេះដើម្បីលេងជាមួយគ្នា។

Pepe ធ្លាប់លេងអោយក្រុម Maritimo និង Porto មុនពេលចូលរួមជាមួយក្រុម Real Madrid ស្របពេលកិច្ចសន្យាបានដល់ទីបញ្ចប់កាលពីខែកក្កដាឆ្នាំ2017 បានសម្រេចចិត្តចាកចេញ ទៅចូលរួមជាមួយក្លឹប Besitas ជាមួយកីឡាករ Caner Erkin, Orkan Cinar, Alvaro Negredo និង Gary Medel ទោះបីជាមានការចង់បានពីក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុបយ៉ាងណាក៏ដោយ។

សម្រាប់ Ronaldo កិច្ចសន្យារបស់ខ្លួនជាមួយក្រុមជើងឯក Champion Legue 2សម័យជាប់គ្នានេះមាន ដល់ឆ្នាំ2021 និងទទួលបានប្រាក់ពលកម្មនឿយហត់ 365,០០០ផោន/សប្ដាហ៍ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះកំពូលខ្សែប្រយុទ្ធបាល់មាស 4សម័យមួយនេះ មិនសូវមានហុងស៊ុយក្នុងការរកគ្រាប់បាល់បញ្ចូលទីនោះទេ គឺរកបានតែ 1គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ La Liga ក្រោយការបង្ហាញខ្លួន8ប្រកួតក្នុងរដូវកាលនេះ និង 2គ្រាប់នៅក្របខណ្ឌ Champion League ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail