កីឡាករ ណុប តុលា រកបាន ៣គ្រាប់តែម្នាក់ឯង ដើម្បីទម្លាក់ក្រុមម្ចាស់ជើងជើងក្រសួងការពារជាតិ(ទ័ព)ចេញពីការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០១៧ ត្រឹមវគ្គ៨ក្រុមចុងក្រោយ ប៉ុន្តែក្រុមណាហ្គាវើល បឹងកេត និងក្រុមអគ្គិសនីកម្ពុជា សុទ្ធតែបានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន។

វាពិតជារឿងដែលស្ទើរតែមិនគួរឲ្យជឿ នៅពេលក្រុមខ្លាំងក្រសួងការពារជាតិ ដែលជាម្ចាស់ជើងឯក កាលពីឆ្នាំ២០១៦ បានធ្លាក់ចេញពីការប្រកួតនេះ ត្រឹមវគ្គ៨ក្រុមចុងក្រោយ ប៉ុន្តែហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល ពិតជាបានកើតមានឡើងនៅកីឡដ្ឋានស្វាយរៀង កាលពីយប់ថ្ងៃពុធ ម្សិលមិញ នៅពេល ណុប តុលា បានស៊ុតទម្លុះសំណាញ់ទីក្រុមទ័ព ៣គ្រាប់តែម្នាក់ឯង ជួយឲ្យក្រុមម្ចាស់ផ្ទះស្វាយរៀង ឈ្នះ ៣-០ នោះ។

ការរកបាន៣គ្រាប់តែម្នាក់ឯងរបស់ ណុប តុលា វាមិនត្រឹមតែបានលុបចោលចំពោះលទ្ធផលស្មើគ្នា ១-១ ក្នុងការប្រកួតជើងទី១ ក្នុងទឹកដីក្រុមទ័ព ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបានរំសាយភាពហ្មងសៅរបស់ក្រុមស្វាយរៀង កាលពីឆ្នាំ២០១៦ ដោយកាលណោះពួកគេបានចាញ់ក្រុមទ័ព ដោយការទាត់បាល់ប៉េណាល់ទី ៦-៥ បន្ទាប់ពីបានស្មើគ្នា ១-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ចំណែកក្រុមភ្នំពេញក្រោន មិនអាចប្រើប្រាស់កីឡដ្ឋាន RSN របស់ខ្លួនយកប្រៀបក្រុមណាហ្គាវើល វិញបាននោះទេ គឺពួកគេបានបន្តចាញ់ក្រុមណាហ្គាវើល ១-០ បន្ថែមទៅលើការចាញ់ ២-១ កាលប្រកួតជើងទី១ នៅក្រៅទឹកដី ដែលធ្វើក្រុមលេខ៣ កាលពីឆ្នាំ២០១៦មួយនេះ ធ្លាក់ចេញពីការប្រកួតនេះដែរ។

ដូចគ្នានេះដែរ ក្រុមបឹងកេត បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ នៅក្នុងទឹកដីខ្លួនឯង ដើម្បីលុបបំបាត់ចោលនូវលទ្ធផលស្មើ ២-២ កាលប្រកួតជើងទី១ នៅទឹកដីខេត្តតាកែវ របស់ក្រុមគិរីវង់។ រីឯក្រុមអគ្គិសនីកម្ពុជា បានបន្តយកឈ្នះក្រុមប៉ូលិស ២-១ បន្ថែមទៅការឈ្នះ ១-០ ក្នុងជើងទី១។

តាមរយៈលទ្ធផលនៃការប្រកួតនេះ ក្រុមព្រះខ័នរាជស្វាយរៀង ណាហ្គាវើល បឹងកេត និងក្រុមអគ្គិសនីកម្ពុជា ត្រូវដឹកដៃគ្នា ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមទ័ព ប៉ូលិស ភ្នំពេញក្រោន និក្រុមគិរីវង់សុខសែនជ័យ ធ្លាក់ចេញពីការប្រកួតនេះដូចគ្នា៕