ក្រុម Celtic ត្រូវបានក្រុមជើងខ្លាំង Paris St-Germain ហែកជាបំណែក ខណៈដែលក្រុមយក្សរបស់បារាំងមួយនេះ រកបានដល់ទៅ៧គ្រាប់ដើម្បីផ្តួលគូប្រកួតមកពីស្កុតឡេនរបស់ពួកគេក្នុងលទ្ធផល ៧-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Parc de Princes កាលពីថ្ងៃពុធ។

ក្រុម Celtic របស់លោក Brendan Rodgers បានរកគ្រាប់បាល់បញ្ចូលទីភ្លាមៗ ក្រោយពីលេងបានរយៈពេល ១នាទី តាមរយៈខ្សែប្រយុទ្ធ Moussa Dembele ប៉ុន្តែ បន្ទាប់មកបានរបូតគ្រាប់បាល់ជាបន្តបន្ទាប់។ តារាឆ្នើម Neymarបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ បន្ទាប់មក បានជួយរកគ្រាប់បាល់ទី៣ សម្រាប់ខ្សែប្រយុទ្ធ Edinson Cavani នៅមុនពេលតារាឆ្នើមវ័យក្មេង Kylian Mbappe បានបន្ថែម ១គ្រាប់ទៀតនៅមុនពេលបញ្ចប់តង់ទី១។ កីឡាករ Marco Verratti, Cavani និង Dani Alves សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតក្នុងចន្លោះពេលត្រឹមតែ ៥នាទីក្នុងតង់ទី២ ខណៈដែលក្រុម Celtic របស់លោក Rodgers បានរបូតគ្រាប់បាល់ ៧គ្រាប់ជាលើកទី២។

ជ័យជម្នះនេះគឺជាការទទួលជ័យជម្នះដ៏ធំបំផុតរបស់ក្រុម PSG ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ប៉ុន្តែ វាជារាត្រីដ៏ខកចិត្តមួយសម្រាប់ក្រុមភ្ញៀវ ដែលបានចាញ់ក្រុមជើងខ្លាំងរបស់បារាំងមួយនេះ ៥-០ លើទឹកដីខ្លួនឯង កាលពីជុំមុននៃពូលដូចគ្នានេះ។ ទាក់ទងនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Neymar លោក Unai Emery គ្រូបង្វឹករបស់ PSG បានឲ្យដឹងថា៖ «រូបគេជាកីឡាករដ៏អស្ចារ្យ។ រូបគេចង់មកកាន់ចំណុចនេះរាល់ការប្រកួតទាំងអស់។ នៅពេលដែលរូបគេស្ថិតនៅលើទីលាន គេពិតជារីករាយណាស់ និងចង់ឲ្យមិត្តរួមក្រុម និងអ្នកគាំទ្ររបស់គេ មានការរីករាយ»។ ស្របពេលដែលបានឈានទៅវគ្គ ១៦ក្រុមចុងក្រោយរួចជាស្រេចមុនពេលការប្រកួតនេះ PSG នឹងសម្លឹងរកការឈ្នះកៅអីលេខ១ ក្នុងពូល B ពីលើក្រុម Bayern Munich នៅពេលដែលពួកគេធ្វើដំណើរទៅកាន់អាល្លឺម៉ង់ សម្រាប់ការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេនៅខែក្រោយ៕
វីឌីអូហាយឡាយការប្រកួតរវាង PSG vs Celtic ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC