ខ្សែប្រយុទ្ធ Lionel Messi បានលេងក្នុងនាមជាកីឡាករបម្រុង ប៉ុន្តែ ក្រុម Barcelona បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ និងមានសុវត្ថិភាពក្នុងការបញ្ចប់ដោយឈរលេខ១ក្នុងពូល D ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Juventus ក្នុងទីក្រុង Turin។

ក្រុមម្ចាស់ជើងឯកកាលពីរដូវកាលមុន Juventus នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល ក្រោយពីការលទ្ធផលស្មើនេះ ប៉ុន្តែ នាំមុខតែ១ពិន្ទុគត់លើក្រុមឈរលេខ៣ Sporting Lisbon ហើយអាចនឹងឈ្នះកៅអីរបស់ពួកគេទៅវគ្គបន្ត តាមរយៈការដណ្តើមយកជ័យជម្នះលើក្រុម Olympiakos នាថ្ងៃទី៥ ខែធ្នូ។ ក្រុមម្ចាស់ជើងឯកប្រចាំអឺរ៉ុប ៥សម័យកាល Barca បានឈានទៅកាន់ការប្រកួតនេះដោយត្រូវការត្រឹមតែ ១ពិន្ទុគត់ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល ស្របពេល Juventus ត្រូវតែគេចឲ្យផុតពីបរាជ័យ ស្របពេលក្រុម Sporting មិនអាចយកឈ្នះលើក្រុម Olympiakos ក្នុងទីក្រុង Lisbon ដើម្បីកក់កៅអីទៅវគ្គបន្ត។ ប៉ុន្តែ ក្រុមរបស់ព័រទុយហ្គាល់មួយនេះ បានផ្តួលគូប្រជែងមកពីក្រិករបស់ពួកគេក្នុងលទ្ធផល ៣-១ ដែលនាំឲ្យក្រុម Juventus ត្រូវតែដណ្តើមឲ្យបាន ៣ពិន្ទុក្នុងទីក្រុង Athens ដើម្បីមានភាពជាក់លាកក្នុងការទៅវវគ្គ ១៦ក្រុមចុងក្រោយ។

តារាឆ្នើម Messi របស់ Barcelona បានស្ថិតជាកីឡាករបម្រុងដ៏មិននឹកស្មានដល់ ខណៈដែលលោកគ្រូបង្វឹក Ernesto Valverde បានសម្រេចចិត្តមិនប្រើប្រាស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ នៅមុនពេលប៉ះជាមួយនឹងក្រុមឡើងទម្រង់លេង Valencia ក្នុងក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យនេះ។ លោក Valverde បានឲ្យដឹងថា៖ «មានពេលវេលាជាច្រើន ខណៈដែល Leo ក៏ត្រូវតែសម្រាកដែរពេលខ្លះ»។ ស្របពេលជាមួយគ្នានេះ Manchester United ត្រូវតែរង់ចាំការប្រកួតចុងក្រោយនៃពូលរបស់ពួកគេក្នុងការឈ្នះកៅអីទៅវគ្គ១៦ក្រមចុងក្រោយ ក្រោយពីពួកគេចាញ់ក្រុម Basel ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០៕