ប្រធានក្លឹបស្តេចស Real Madrid លោក Florentino Perez បានដាក់ចេញបញ្ជីឈ្មោះកីឡាករ 5រូប ដែលចាំបាច់ នឹងត្រូវនាំយកមករួមក្រុម ដើម្បីពង្រឹងសមត្ថភាពលេងឡើងវិញ ក្រោយពីការបង្ហាញទម្រង់លេងធ្លាក់ចុះគួរអោយកត់សម្គាល់ នារដូវកាលថ្មីនេះ។ បច្ចុប្បន្នក្រុមជើងឯក La Liga និង Champion Legue 2សម័យជាប់គ្នា ក្រោមការដឹកនំារបស់គ្រូបង្វឹក Zinedine Zidane បច្ចុប្បន្នមានគម្លាតពិន្ទុពីក្រុម Barcelona រហូត 1០ពិន្ទុនៅក្របខណ្ឌ La Liga រដូវកាល(2017-2018)នេះ។

យោងសារព័ត៌មាន Diario Gol បានចុះផ្សាយថា៖ កីឡាករឆ្នើមទាំង5 រូបដែលប្រធានក្លឹបលោក Perez ចង់បានមករួមក្រុមនៅខែមករាខាងមុខនេះមានដូចជា 1.ខ្សែប្រយុទ្ធឆ្នើម Harry Kane និង 2.ខ្សែបម្រើវ័យក្មេង Dele Alli របស់ Tottenham, 3.ខ្សែការពារសញ្ជាតិប្រេស៊ីល Marquinhos របស់ក្រុម Paris Saint-Germain, 4.ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala របស់ក្រុមជើងឯក Serie A ក្រុម Juventus និង 5. អ្នកចាំទីវ័យក្មេងទើបជាប់ជម្រើសជាតិអេស្ប៉ាញកីឡាករ Kepa Arrizabalaga របស់ក្រុម Athletic Bilbao។

បន្ទាប់ពីព្រមអោយកីឡាករមួយចំនួនចាកចេញពីក្រុមកាលពីដើមរដូវកាលមានដូចជាខ្សែប្រយុទ្ធអេស្បាញ Alvaro Morata ទៅលេងអោយក្រុម Chelsea, James Rodriguez ទៅ Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល 2ឆ្នាំ , កីឡាករ Danilo ទៅលេងអោយ ក្រុមកំពុងនាំមុខតារាង Man City និង ខ្សែការពារ Pepe ទៅលេងអោយក្រុមយក្សតួកី Besiktas ធ្វើអោយក្រុមមានទម្រង់លេង មិនបានល្អនោះទេ ទាំងនៅក្របខណ្ឌ La Liga និង Champion League រដូវកាលថ្មីនេះ។រីឯខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានការខ្សេត់គ្រាប់បាល់បញ្ចូលទី ពោលគឺរកបានតែ 1គ្រាប់ប៉ុណ្ណោះ ស្របពេល Gareth Bale មានបញ្ហារបួសរើឡើងវិញ ខណៈខ្សែបម្រើកំពុងឡើងជើងកំពុងមានបញ្ហារបួស ហើយខ្សែប្រយុទ្ធ Benzema ក៏ធ្វើមិនបានល្អនោះ ជាហេតុផល ដែលតម្រូវអោយប្រធានក្លឹបលោក Florentino Perez កំពុងដុតដៃដុតជើងនិង ពិភាក្សាជាមួយគ្រូបង្វឹកដើម្បីស្វែងរកកីឡាករឆ្នើមវ័យក្មេងខាងលើមករួមក្រុម និងពង្រឹងទម្រង់លេងឡើងវិញ បន្ថែមទៀត ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail