ក្រុម Arsenal របស់លោក Arsene Wenger បានឈ្នះកៅអីក្នុងចំណាត់ថ្នាក់លេខ១ នៃពូល H ក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីចាញ់ក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Cologne ក៏ដោយ ស្របពេលដែលក្រុម AC Milan បានឈានទៅវគ្គ ៣២ក្រុមចុងក្រោយតាមរយៈការលត់ក្រុម Austria Vienna យ៉ាងចាស់ដៃ។

លោក Wenger សញ្ជាតិបារាំង បានធ្វើការផ្លាស់ប្តូរកីឡាករ ១១នាក់ទៅលើក្រុមដែលបានផ្តួលក្រុម Tottenham Hotspur ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ កាលពីចុងសប្តាហ៍មុន ដោយដាក់ឲ្យខ្សែប្រយុទ្ធ Olivier Giroud និង Danny Welbeck និងខ្សែបម្រើ Jack Wilshere ឲ្យលេងក្នុងជម្រើសទាំង ១១នាក់ដំបូង។ ប៉ុន្តែ ក្រុមកាំភ្លើងធំ បានរបូតគ្រាប់បាល់ប៉េណាល់ទី ១គ្រាប់នៅនាទី ទី៦២ពីសំណាក់កីឡាករ Sehrou Guirassy ក្រោយពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានដួលក្នុងប្រអប់គ្រោះថ្នាក់ ក្រោមការប្រជែងដណ្តើមបាល់ពីខ្សែការពារ Mathieu Debuchy។

Cologne ដែលមិនស្គាល់ឈ្នះសោះពីការប្រកួតក្របខ័ណ្ឌ Bundesliga ១២លើកចុងក្រោយរបស់ពួកគេនៅរដូវកាលនេះ បានឡើងទៅឈរលេខ២ក្នុងពូល ក្នុងពេលនៅសល់១ប្រកួតទៀត ខណៈដែលការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ រវាងក្រុម BATE Borisov និង Red Star Belgrade ក្នុងប្រទេសបេឡារុស បានជួយឲ្យក្រុម Arsenal បញ្ចប់ដោយឈរលេខ១ក្នុងពូលតែម្តង។ លោក Wenger បានឲ្យដឹងថា៖ «យើងបានចាញ់ការប្រកួតមួយដែលក្រុម Cologne មានភាពខ្លាំងនៅពីមុខទីជាងការស៊ុតបាល់ប៉េណាល់ទី។ យើងតែងតែខកខានឱកាសបន្តិចបន្តួចក្នុងការរកគ្រាប់បាល់។ ក្រុម Cologne បានធ្វើការការពារប្រកបដោយស្មារតីប្រយុទ្ធ ហើយសម្រាប់ពួកគេ វាបានក្លាយជារាត្រីដ៏អស្ចារ្យមួយ»។ ស្របពេលជាមួយនេះ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌអឺរ៉ុប ៥សម័យកាល បានបញ្ចប់ដោយឈរលេខ១ក្នុងពូល D ក្រោយពីបានកត់ត្រាជ័យជម្នះ ៥-១ លើក្រុម Austria Vienna នាកីឡដ្ឋាន San Siro៕

កែសម្រួលដោយ​៖ Cambosport
ប្រភព៖ Channel News Asia