Robinho ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan និង Real Madrid ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល៩ឆ្នាំ ក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីរូបគេត្រូវបានផ្តន្ទាទោសពីបទរំលោភ។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានក្នុងស្រុក។ ករណីដែលត្រូវបានចោទប្រកាន់នេះ បានកើតឡើងកាលពីខែមករា ឆ្នាំ២០១៣ ដែលនៅពេលនោះ Robinho កំពុងតែលេងឲ្យក្លិប AC Milan ក្នុងក្របខ័ណ្ឌ Serie A។ រូបគេត្រូវបានគេឃើញថា មានកំហុស នៅឯតុលាការមួយរបស់អ៊ីតាលី ពីបទបំពានផ្លូវផេទទៅលើស្ត្រីសញ្ជាតិអាល់បានីវ័យ ២២ឆ្នាំម្នាក់។

ជនសង្ស័យ ៥នាក់ផ្សេងទៀតក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដូចគ្នានេះផងដែរ ប៉ុន្តែទោសរបស់ពួកគេមិនទាន់ត្រូវបានប្រកាសឲ្យដឹងនោះឡើយ។ បើយោងទៅតាមកាសែតប្រចាំថ្ងៃ Corriere della Sera នៅទីក្រុង Milan កីឡាករ Robinho និងមិត្តភ័ក្តិ ៥នាក់ផ្សេងទៀតរបស់គេ បានបញ្ច្រកស្រាឲ្យស្ត្រីវ័យក្មេងនោះស្រវឹងរហូតដល់សន្លប់បាត់ស្មារតី និងមិនអាចតទល់បាន។ បន្ទាប់ពី ជនល្មើសទាំងនោះ ត្រូវបានគេនិយាយថា បានធ្វើសកម្មភាពរំលោភជាច្រើនលើកច្រើនសាជាប់ៗគ្នាទៅលើរូបនាង។

Robinho បានបដិសេធចំពោះការចោទប្រកាន់នេះ និងអាចធ្វើការប្តឹងឧទ្ធរណ៍បាន។ ក្រោយពីដឹងពីព័ត៌មាននៃសេចក្តីសម្រេចនេះ រូបគេបានង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គម Instagram និង Facebook របស់គេ ដើម្បីបញ្ជាក់ថា រូបគេមិនបានដឹងអ្វីឡើយ។ វាមិនមែនជាលើកទី១ឡើយដែលកីឡាកររូបនេះបានប្រឈមមុខនឹងការចោទប្រកាន់ពីបទទាក់ទងនឹងការបំពានផ្លូវភេទ។ រូបគេត្រូវបានគេឃុំខ្លួនក្នុងរយៈពេលដ៏ខ្លី កាលឆ្នាំ២០០៩ ក្រោយពីស្ត្រីវ័យក្មេងម្នាក់ បានចោទប្រកាន់រូបគេពីបទបំពានផ្លូវភេទនៅឯក្លិបរាត្រីមួយក្នុងទីក្រុង Leeds ភាគខាងជើងអង់គ្លេស។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបច្ចុប្បន្នកំពុងតែលេងឲ្យក្លិប Atletico Mineiro ក្នុងប្រទេសប្រេស៊ីល៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia