ខ្សែបម្រើដ៏មានឥទ្ធិពល Georginio Wijnaldum បានលើកទឹកចិត្តឲ្យក្រុមហង្សក្រហម Liverpool យកការខកចិត្តរបស់ពួកគេក្នុងក្របខ័ណ្ឌអឺរ៉ុប ទៅទម្លាក់លើក្រុម Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដ៏សំខាន់នៅថ្ងៃស្អែកនេះ ស្របពេលដែលខ្សែបម្រើ Yaya Toure បានសន្យាថា ក្រុមកំពុងនាំមុខ Manchester City និងរក្សាភាពខ្លាំងនៅលើទឹកដីក្រុម Huddersfield ក្រោយពីស្ថិតក្នុងការគ្រប់គ្រងលើការប្រជែងពាន។

ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅចុងសប្តាហ៍នេះ នឹងកើតឡើងនៅកីឡដ្ឋាន Anfield ខណៈដែលក្រុមឈរលេខ៥ Liverpool និង ក្រុមឈរលេខ៣ Chelsea នឹងត្រូវប្រជែងគ្នាដើម្បីកាត់បន្ថយការដេញតាមពីក្រោយក្រុម Man City។ ការរងបរាជ័យសម្រាប់ក្រុមទាំងពីរ អាចនឹងក្លាយជាការខកចិត្តដ៏ធំសម្រាប់ក្រុមទាំងពីរក្នុងការប្រជែងពាន ខណៈដែល Chelsea ដេញតាមពីក្រោយក្រុម Man City រហូតដល់ទៅ៩ពិន្ទុ ហើយក្រុម Liverpool កំពុងតែមាន ១២ពិន្ទុតាមពីក្រោយក្រុមរបស់លោក Pep Guardiola ដែលនឹងសម្លឹងរកការរក្សាទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ពួកគេនៅលើទឹកដីក្រុម Huddersfield នៅថ្ងៃអាទិត្យនេះ។

ការជឿជាក់របស់ក្រុម Liverpool កំពុងតែស្ថិតយ៉ាងទាប ក្រោយពីពួកគេបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខនៅតង់ទី១ ចំនួន៣គ្រាប់ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើ ៣-៣ នៅលើទឹកដីក្រុម Sevilla ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។ វាជាការភ្លាត់ស្នៀតដ៏មិននឹកស្មានដល់មួយ ហើយខ្សែបម្រើ Wijnaldum របស់ក្រុម Liverpool បានទទួលស្គាល់ថា ក្រុមរបស់លោក Jurgen Klopp ត្រូវតែខិតខំព្យាយាមឲ្យបានខ្លាំងក្លាដើម្បីទទួលបានលទ្ធផលពីប្រព័ន្ធលេងរបស់ពួកគេ នៅមុនពេលជួបក្រុម Chelsea នៅថ្ងៃសៅរ៍នេះ។ Wijnaldum បានឲ្យដឹងថា៖ «ខ្ញុំគិតថា វាមិនមែនជាលទ្ធផលដ៏អន់ឡើយក្នុងការទទួលបានលទ្ធផលស្មើ នៅលើទឹកដីក្រុម Seville ប៉ុន្តែ របៀបដែលយើងបោះបង់ ខ្ញុំគិតថា វាមិនមែនជាសញ្ញាល្អឡើយ»។ ផ្ទុយទៅវិញ ក្រុម Chelsea បានកក់កៅអីរបស់ពួកគេទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការផ្តួលក្រុម Qarabag ក្នុងលទ្ធផល ៤-០។ Liverpool នឹងចាប់ផ្តើមប្រកួតនៅម៉ោង១២:៣០នៅយប់ថ្ងៃសៅរ៍ ខណៈដែល Man City នឹងចាប់ផ្តើមប្រកួតនៅម៉ោង១១យប់ថ្ងៃអាទិត្យ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sports