ខ្សែប្រយុទ្ធឡើងទម្រង់លេងសញ្ជាតិប្រេស៊ីល Rafael Silva បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Urawa Red Diamonds របស់ជប៉ុន បានផ្តួលក្រុមដែលនៅសល់សមាជិកតែ ១០នាក់ Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ដើម្បីឈ្នះពានក្របខ័ណ្ឌ Champions League របស់អាស៊ីជាលើកទី២ របស់ពួកគេ។

ខ្សែប្រយុទ្ធរូបនេះ ដែលក៏បានរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងជើងទី១ នៃវគ្គផ្តាច់ព្រ័ត្រ កាលពីសប្តាហ៍មុនក្នុងទីក្រុង Riyadh នោះ បានរកគ្រាប់បាល់ឈ្នះបញ្ចូលទីយ៉ាងល្អនៅរយៈពេល ២នាទីចុងក្រោយ សម្រាប់ក្រុម Urawa Red ដែលបានក្លាយជាម្ចាស់ជើងឯកឯកប្រចាំទ្វីបអាស៊ីជាលើកចុងក្រោយកាលពីឆ្នាំ២០០៧។

ក្រោយពីជាសះស្បើយពីបញ្ហារបួសកជើងដែលរូបគេបានជួបប្រទះក្នុងការប្រកួតនៅអារ៉ាប៊ីសាអូឌីត Silva បានឲ្យដឹងថា៖ «ពាក្យសម្តីមិនអាចរៀបរាប់ពីកម្រិតរីករាយដែលខ្ញុំមាននៅពេលនេះឡើយ»។ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ ដែលបានក្លាយជាគោលដៅនៃការរើសអើងជាតិសាសន៍ នៅមុនពេលការប្រកួតនោះ បានបន្ថែមទៀតថា៖ «វាបានក្លាយជាសប្តាហ៍ដ៏លំបាកមួយដោយសារតែបញ្ហារបួស ប៉ុន្តែរបួសនេះពិតជាមានតម្លៃណាស់។ យើងបាននាំយកថាមពលរបស់អ្នកគាំទ្រ និងផ្តល់ការរំភើបដល់ពួកគេ១០០ភាគរយ»។

ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ក្នុងទីក្រុង Riyadh កាលពីសប្តាហ៍មុន ក្រុម Al Hilal ចាំបាច់ត្រូវតែរកឲ្យបានគ្រាប់បាល់ដើម្បីមានឱកាសក្នុងការឈ្នះពានប្រចាំទ្វីបអាស៊ីជាលើកទី១របស់ខ្លួនចាប់តាំងពីឆ្នាំ២០០០ ប៉ុន្តែរាត្រីប្រកួតនៅលើទឹកដីជប៉ុន បានបញ្ចប់យ៉ាងខកចិត្តសម្រាប់ក្រុមយក្សរបស់អារ៉ាប៊ីសាអ៊ូឌីតមួយនេះ៕