លោក Arsene Wenger គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal ចង់បានអតីតកូនក្រុមរបស់លោកគឺខ្សែការពារឆ្វេង Gionvanni van Bronkhost ដើម្បីចូលមកដឹកនាំក្រុម Arsenal បន្តពីរូបលោក នៅពេលដែលកិច្ចសន្យារបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះផុតកំនត់នៅពេលបញ្ចប់នារដូវកាលក្រោយ។

យោងគេហទំព័រ Daily Star បានចុះផ្សាយថា៖ អ្នកចាត់ការទូទៅវ័យ 68ឆ្នាំ បានសំលឹងឃើញអតីតកីឡាករ Van Bronckhorst ជាបេក្ខភាពគ្រូបង្វឹកថ្មី ដែលធ្លាប់ជាកីឡាករលេងអោយ Arsenal ចន្លោះឆ្នាំ 2001-2003 មុនផ្ទេរទៅលេងនៅក្រុម Barcelona ។ គ្រូបង្វឹកក្រុម Bournemouth លោក Eddie Howe ក៏ស្ថិតនៅក្នុងបញ្ជីចង់បានផងដែរ ប៉ុន្តែលោក Wenger មានការកោតសរសើរសមត្ថភាពរបស់អ្នកចាត់ការទូទៅក្រុម Feyenoord បច្ចុប្បន្នគឺលោក Van Bronckhorst មានវ័យ 42ឆ្នាំច្រើនជាង។

Bronckhorst ធ្លាប់បានទទួលជោគជ័យដោយឈ្នះពាន Premier League និង FA Cup ជាមួយលោក Arsene Wenger និងធ្លាប់ជួយក្រុម Barcelona លើកពាន La Liga 2ដង រួមជាមួយ Champion League ១ដងផងដែរ។ សម្រាប់ក្រុម Feyenoord អ្នកចាត់ការទូទៅរូបនេះបានចូលមកដឹកនាំកាលពីឆ្នាំ2015 និងបានជួយក្រុមលើកពានកំពូលហូឡង់ Eredivisie រដូវកាល2016-2017 ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ TheSun