ក្រុម Manchester City បានបន្តនាំមុខ៨ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែបម្រើ Raheem Sterling បានជួយឲ្យពួកគេទទួលជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Huddersfield Town ខណៈដែលខ្សែបម្រើ Alexis Sanchez បានជួយឲ្យក្រុម Arsenal ដណ្តើមបានជ័យជម្នះ ១-០ លើក្រុម Burnley កាលពីថ្ងៃអាទិត្យ។

Man City បានយកឈ្នះរាល់ក្រុមថ្មីទាំងអស់នៅរដូវកាលនេះ ប៉ុន្តែពួកគេបានជួបការលំបាក តាមរយៈបណ្តោយឲ្យមានគ្រាប់បាល់នាំមុខមុន ក្រោយពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Nicolas Otamendi នៅកីឡដ្ឋាន John Smith’s។ ក្រុមរបស់លោក Pep Guardiola បានតាមស្មើវិញភ្លាមៗតាមរយៈគ្រាប់បាល់ប៉េណាល់ទីរបស់ Sergio Aguero ក្នុងតង់ទី២ នៅមុនពេលគ្រាប់បាល់ឈ្នះរបស់ Sterling នៅនាទី ទី៨៤ បានជួយឲ្យក្រុមខ្លួនកត់ត្រាជ័យជម្នះ ១១លើកជាប់ៗគ្នារបស់ពួកគេតែម្តង។

ការទទួលជោគជ័យរបស់ក្រុម Man City បានធ្វើឲ្យពួកគេបន្តនាំមុខ ៨ពិន្ទុវិញលើក្រុមឈរលេខ២ Manchester United ដែលបានកាត់ពិន្ទុដេញតាមពីក្រោយជាបណ្តោះអាសន្ន ជាមួយនឹងការទទួលជ័យជម្នះ ១-០ លើក្រុម Brighton & Hove Albion កាលពីថ្ងៃសៅរ៍។ លោក Guardiola បានឲ្យដឹងថា៖ «ក្របខ័ណ្ឌ Premier League ពិតជាស្វិតស្វាញ ហើយនៅពេលនេះរដូវរងាមកដល់ហើយ។ យើងបានដឹងថា ពួកគេពិតជាស្រេកឃ្លាន និងខ្លាំងក្លា ប៉ុន្តែ យើងពិតជាពេញចិត្តចំពោះរបៀបដែលយើងបានទទួលជ័យជម្នះ។ វាមិនអាចទៅរួចឡើយក្នុងការឈ្នះរាល់ការប្រកួតទាំងអស់ដោយងាយស្រួលនោះ។ កីឡាករបានប្រកួតយ៉ាងអស្ចារ្យ»៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Huddersfield vs Manchester City ៖

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Burnley vs Arsenal ៖

ប្រភព៖ Channel News Asia