លោក Alan Pardew បានរៀបចំនូវការពិភាក្សាផ្សេងៗជាមួយនឹងក្លិប West Bromwich Albion ជុំវិញតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិបកំពុងតែត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Premier League។ ក្រោយពីលោក Slaven Bilic អតីតគ្រូបង្វឹករបស់ក្លិប West Ham បានបដិសេធចំពោះការចាប់អារម្មណ៍របស់ West Brom លោក Pardew អតីតគ្រូបង្វឹករបស់ក្លិប Crystal Palace បានក្លាយជាបេក្ខភាពឈានមុខគេក្នុងការចូលជំនួសកន្លែងរបស់លោក Tony Pulis ដែលត្រូវបានបណ្តេញចេញកាលពីដើមសប្តាហ៍មុន។

លោក Pardew ធ្លាប់បានធ្វើការជាមួយនឹងលោក Nick Hammond ប្រធានបច្ចេកទេសរបស់ក្លិប West Brom អំឡុងពេលលោកបានដឹកនាំនៅឯក្លិប Reading ហើយបច្ចុប្បន្នកំពុងតែទំនេរពីការងារ ចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្លិប Crystal Palace កាលពីខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ នៅពេលត្រូវបានចោទសួរកាលពីថ្ងៃអាទិត្យអំពីព័ត៌មាននាពេលថ្មីៗថា លោកបានធ្វើការពិភាក្សាជាមួយនឹងក្លិប West Brom លោក Pardew បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំមានការពិភាក្សាផ្សេងៗជាមួយនឹងពួកគេ។ ពិតណាស់ វាពិតជាការងារដ៏គួរឲ្យទាក់ទាញ ហេតុនេះ យើងនឹងរង់ចាំមើលថា វានឹងមានដំណើរការបែបណា»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាក្លិបមួយដែលមានកីឡាករឆ្នើមៗជាច្រើន ហើយខ្ញុំគិតថា វាជាឱកាសដ៏ល្អមួយសម្រាប់អ្នកចាត់ការទូទៅម្នាក់ ហើយប្រសិនបើជាខ្ញុំ នោះវាប្រាកដជាខ្ញុំហើយ។ ពួកគេមានកម្រិតលេងល្អ ហើយពួកគេប្រហែលជាកំពុងតែធ្វើបានល្អប្រសើរជាងមុន»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia