រឿងដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងលីគកំពូលអេស្ប៉ាញ La Liga យប់មិញនេះ នៅពេលដែលកីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានស៊ុត១ជើងត្រូវបានអ្នកចាំទី Neto ចាប់ក្រឡកចូលទីនៅនាទីទី៣០ តែត្រូវបានអាជ្ញាកណ្តាល និងជំនួយការបដិសេធទៅវិញ។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយថា ក្រុមអ្នកមានបុណ្យ FC Barcelona វីសតែនឹងទទួលបាន ៣ពិន្ទុបន្ថែម ដើម្បីបន្តនាំមុខកំពូលតារាងទៅហើយ មុនពេលបញ្ចប់លទ្ធផលផ្លូវការស្មើគ្នា ១-១ ពេលទៅលេងទឹកដីម្ចាស់ផ្ទះ Valencia នៃសប្តាហ៍ទី១៣ ក្របខណ្ឌកំពូលអេស្ប៉ាញ La Liga។

កីឡាករខ្សែប្រយុទ្ធ Rodrigo បានស៊ុតគ្រាប់នាំមុខឲ្យ Valencia នាំមុខ១គ្រាប់មុននៅនាទី៦០ មុនពេលត្រូវបាន Jordi Alba រកគ្រាប់តាមស្មើវិញ ១-១ នៅនាទីទី៨២ ពេលទទួលបាល់ពីមិត្តរួមក្រុម Lionel Messi ដែលធ្វើឲ្យ Barcelona បន្តភាពមិនដែលចាញ់នៅ La Liga រដូវកាលឆ្នាំ២០១៧-២០១៨ គ្រាដែល Valencia កំពុងឈរនៅលេខ២ បណ្តោះអាសន្នក្នុងចំណោម ១៣ប្រកួត ឈ្នះ៩ ស្មើ៤ និងមិនដែលចាញ់ឡើយ៕

ទស្សនាវីឌីអូហាយឡាយទាំងអស់គ្នា ៖