ក្រុម Manchester City នឹងសម្លឹងរកការរក្សាភាពខ្លាំងរបស់ខ្លួន ដើម្បីពង្រឹងការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅពេលប្រកួតជាមួយនឹងក្រុម Southampton ខណៈដែលក្រុម Manchester United នឹងធ្វើដំណើរទៅជួបក្រុម Watford ដោយសារសង្ឃឹមថា អាចរក្សាការដេញតាមពីក្រោយក្រុមឈរលេខ១យ៉ាងប្រកៀកក្នុងកម្មវិធីប្រកួតដ៏សំខាន់នៅពាក់កណ្តាលសប្តាហ៍នេះ។

Man City បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការឈ្នះពាន តាមរយៈការវាយបកដើម្បីយកឈ្នះ ២-១ នៅលើទឹកដីក្រុម Huddersfield កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមរបស់លោក Pep Guardiola បានរក្សាការនាំមុខ៨ពិន្ទុដាច់លើក្រុមឈរលេខ២ Man United។ Man Utd បានកាត់បន្ថយពិន្ទុដេញតាមក្រោយមកនៅត្រឹម៥ពិន្ទុ តាមរយៈការយកឈ្នះលើក្រុម Brighton ១-០ កាលពីថ្ងៃសៅរ៍ នៅមុនពេល Man City បានរក្សាការនាំមុខចំនួន៨ពិន្ទុរបស់ពួកគេវិញ។ Man United មានឱកាសអាចកាត់បន្ថយការដេញតាមពីក្រោយក្រុមជិតខាងរបស់ពួកគេ ឲ្យនៅ៥ពិន្ទុម្តងទៀត ប្រសិនបើពួកគេកត់ត្រាជ័យជម្នះលើទឹកដីក្រុម Watford នៅរាត្រីនេះ នៅមុនពេល Man City ធ្វើការប្រកួតនៅលើទឹកដីក្រុម Southampton ក្នុងរយៈពេល២៤ក្រោយមក។

ប៉ុន្តែ បច្ចុប្បន្ន Man City បានឈ្នះការប្រកួតក្របខ័ណ្ឌ Premier League ទាំង១១លើកចុងក្រោយរបស់ពួកគេ និងបានកត់ត្រាជ័័យជម្នះជាលើកទី ១៨រាល់យុទ្ធនាការទាំងអស់។ លោក Guardiola បានបញ្ជាក់ថា ការទទួលជ័យជម្នះជាប់ៗគ្នារបស់ក្រុម Man City នឹងបញ្ចប់នៅថ្ងៃណាមួយ ប៉ុន្តែ លោកជឿជាក់ថា របៀបដែលក្រុមរបស់លោកយកឈ្នះលើក្រុម Huddersfield គួរតែក្លាយជាការព្រមានមួយដល់គូប្រកួតរបស់ពួកគេថា មេឃខៀវមួយនេះ កំពុងតែផ្តោតអារម្មណ៍ទាំងស្រុងលើការដណ្តើមពាន៕

កម្មវិធីប្រកួតនៅរាត្រីនេះ

Brighton v Crystal Palace ម៉ោង 2:45 ទៀបភ្លឺ
Leicester v Tottenham ម៉ោង 2:45 ទៀបភ្លឺ
Watford v Man United ម៉ោង 3ទៀបភ្លឺ
West Brom v Newcastle ម៉ោង 3ទៀបភ្លឺ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24