លោក Antonio Conte បានប្រាប់កីឡាករ Chelsea រូបណាដែលមិនសម្បាយចិត្តដោយសារតែការមិនបានចូលលេងជាទៀងទាត់ ថា៖ ពួកគេគួរតែដឹងគុណក្នុងការលេងឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកនៃក្របខ័ណ្ឌ Premier League មួយនេះ។

ខ្សែបម្រើ Willian និងខ្សែការពារ David Luiz បានធ្លាក់ចេញពីក្រុមជម្រើសទាំង ១១នាក់ដំបូងកាលពីពេលថ្មីៗនេះ ហើយគ្រូបង្វឹករបស់ក្រុម Chelsea រូបនេះកំពុងតែត្រៀមផ្លាស់ប្តូរកីឡាករចុះឡើងអំឡុងពេលមានកម្មវិធីប្រកួតដ៏មមាញឹកនៅខែធ្នូ និងមករា។ តារាឆ្នើមអន្តរជាតិប្រេស៊ីល Willian បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីរកគ្រាប់បាល់តាមស្មើក្នុងពេលក្រុមខ្លួនបានទទួលលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃសៅរ៍ ដែលនៅពេលនោះខ្សែការពារ Luiz មិនត្រូវបានប្រើប្រាស់ឡើយ។ ខ្សែការពាររូបនេះ ដែលបានបាត់បង់កន្លែងរបស់គេដោយសារតែកីឡាករ Andreas Christensen នោះ នឹងត្រូវអវត្តមានក្នុងការប្រកួតនៅរាត្រីនេះ ជាមួយនឹងក្រុម Swansea ដោយសារតែបញ្ហារបួសកជើង។

លោក Conte បានឲ្យដឹងថា៖ «កីឡាកររបស់ខ្ញុំត្រូវតែរីករាយក្នុងការលេងឲ្យក្រុម Chelsea។ ពួកគេត្រូវតែរីករាយ ប្រសិនបើពួកគេចូលលេងក្នុងជម្រើសដំបូង ឬលេងក្នុងនាមជាកីឡាករបម្រុង។ ខ្ញុំមានកីឡាករប្រកបដោយភាពឆ្លាតវៃជាច្រើន ក្នុងការយល់ពីស្ថានភាពនេះ ក្នុងការទទួលយកស្ថានភាពនេះ»។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «នៅពេលដែលអ្នកស្ថិតក្នុងក្រុមដ៏អស្ចារ្យមួយ អ្នកត្រូវតែទទួលយកបញ្ហានេះ។ ក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែរីករាយក្នុងការស្ថិតក្នុងក្រុមដ៏អស្ចារ្យមួយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Straits Times