លោក Pep Guardiola បាននិយាយថា សមត្ថភាពរបស់ក្រុម Manchester City ក្នុងការរក្សាការស្ងប់អារម្មណ៍ និងរក្សានូវភាពមុតស្រួចរបស់ពួកគេនៅក្នុងតំបន់ប្រយុទ្ធ កំពុងតែផ្តល់នូវការតបស្នងដ៏ធំ សម្រាប់ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ នារដូវកាលនេះ។

អ្នកចាត់ការទូទៅរបស់ក្រុម Man City រូបនេះ ក៏មើលឃើញក្រុមរបស់ខ្លួនរកគ្រាប់បាល់បញ្ចូលទីដ៏សំខាន់ៗរួចជាស្រេចក្នុងរយៈពេល ១៥នាទីចុងក្រោយ ចំនួន ៥លើករួចជាស្រេច ក្នុងចំណោមការប្រកួតចំនួន ១៣លើក។ គ្រាប់បាល់ទាំងនោះបានជួយឲ្យក្រុម Man City បើកការនាំមុខរហូតដល់ទៅ ៨ពិន្ទុលើគូប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ និងឈរលេខ១ ក្នុងពូលនៃក្របខ័ណ្ឌ Champions League ខណៈដែលនៅសល់ ១ប្រកួតទៀត។

លោក Guardiola បានរងនូវការរិះគន់ផ្សេងៗ ក្នុងរដូវកាលទី១របស់លោកក្នុងកីឡាបាល់ទាត់អង់គ្លេស សម្រាប់ការបដិសេធមិនផ្លាស់ប្តូរទម្រង់លេងរបស់លោក នៅពេលដែលក្រុមរបស់លោកត្រូវការគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួត។ ប៉ុន្តែ អតីតគ្រូបង្វឹករបស់ក្លិប Barcelona និង Bayern រូបនេះ បច្ចុប្បន្នជឿជាក់ថា របៀបលេងរបស់លោកកំពុងតែទទួលបានផល ក្រោយពីខ្សែបម្រើ Raheem Sterling បានរកគ្រាប់បាល់ឈ្នះ ក្នុងពេលក្រុម Man City ផ្តួល Huddersfield ២-១ កាលពីចុងសប្តាហ៍មុននេះ។

លោក Guardiola វ័យ ៤៦ឆ្នាំ ពិតជាពេញចិត្តដែលកីឡាកររបស់លោកបន្តបញ្ជូនបាល់ចុះឡើង ជាងការបញ្ជូនបាល់វែងៗឲ្យគ្នា ក្នុងពេលពួកគេស្រេកឃ្លានគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួត។ នៅមុនពេលក្រុមរបស់លោកធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton លោក Guardiola បានឲ្យដឹងថា៖ «នោះគឺជារឿងដ៏ល្អ នៅពេលដែលកើតឡើង ហើយអ្នកមិនត្រូវស្លន់ស្លោឡើយ។ អ្នកសម្រេចចិត្តនៅរយៈពេល១៥នាទីចុងក្រោយក្នុងការផ្លាស់ប្តូរខ្សែការពារ Vincent Kompany ដើម្បីដាក់ខ្សែប្រយុទ្ធ Gabriel Jesus ដើម្បីបញ្ជូនសារទៅឲ្យក្រុមថា យើងចង់ឈ្នះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Straits Times