ក្លឹប​យក្ស​អេស្ប៉ាញ Real Mardrid កំពុង​សម្លឹង​មើល​ផ្ទេរ​យក​ខ្សែ​ការពារ​ប្រេស៊ីល​ David Luiz ពី​ក្រុម​តោ​ខៀវ​ Chelsea នៅ​ខែ​មករា​ខាង​មុខ។

Luiz ត្រូវ​បាន​អ្នក​ចាត់​ការ Antonio Conte កាត់​ចោល​បញ្ជី​មិន​ឲ្យ​លេង​ប៉ុន្មាន​ប្រកួត ក្រោយ Chelsea ចាញ់ Roma ៣-០ នៅ Champions League កាល​ពី​ខែ តុលា។ កីឡាករ​វ័យ​៣០​ឆ្នាំ​ ត្រូវ​បាន​​​គេ​ឃើញ​ហាត់​តែ​ម្នាក់ឯង​ជា​បន្តបន្ទាប់ និង​មិន​បាន​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​​កីឡាករ​ ពេល​ប្រកួត​ជាមួយ Manchester United ,West Bromwich Albion និងLiverpool កន្លង​ទៅ។

ប្រកួត​ជាមួយ Swansea City នៅ​យប់​ថ្ងៃ​ពុធ​នេះ Luiz ក៏​មិន​មាន​វត្តមាន​ដែរ ដោយ​លោក Conte លើក​ឡើង​ថា គេ​​ត្រូវ​ការ​ពេល​បន្ថែម​ដើម្បី​ព្យាបាល​របួស​ជង្គង់។ យ៉ាងណា​ក្ដី​កីឡាករ​សក់​ច្រើន​រូប​នេះ​មិន​ចង់​បាត់​កៅអី​លេង​ទេ គេ​ចង់​លេង​ឲ្យ​បាន​ទៀងទាត់​ដើម្បី​មាន​កន្លែង​មួយ​លេង​សម្រាប់​នៅ World Cup ឆ្នាំ​ក្រោយ។ Luiz ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្រុម Barcelona និង AC Milan នា​ពេល​ថ្មី​ៗ តែ​កា​រ​ផ្លាស់​ទៅ​ Real Madrid​ អាច​នឹង​មាន​ភាគ​រយ​ច្រើន​ជាង។ នេះ​យោង​តាម Daily Mail។

ការ​ដែល​ចាម​អារម្មណ៍​​ដោយ​សារ​តែ Madrid មើល​ឃើញ​ថា Luiz ជា​កីឡាករ​ល្អ​អាច​លេង​បាន​ទាំង​ខ្សែ​ការពារ​កណ្ដាល និង​បម្រើ​ការពារ ដូច្នេះ​​គេ​អាច​មាន​ឥទ្ធិពល​ខ្លាំង​នៅ​តំបន់​ខាង​ក្រោម។

David Luiz បាន​ត្រលប់​មក Chelsea​ វិញ បន្ទាប់​​ផ្លាស់​ពី​ក្លឹប Paris Saint-Germain ក្នុង​តម្លៃ​ខ្លួន​៣៤​លាន​ផោន ហើយ​រដូវ​កាល​មុន​គេ​ក៏​ជាប់​ជា​កីឡាករ​​១១​នាក់​ល្អ​របស់ Premier League ក្រោយ​ជួយ​តោខៀវ​លើក​ពាន៕​