បាល់ទាត់៖ ​បន្ទាប់ពី​បណ្ដេញ​គ្រូ​បង្វឹក​លោក Edgardo Bauza ចេញពី​តំណែង​កាលពី​សប្ដាហ៍​មុន នៅ​ពេល​នេះ​សហព័ន្ធបាល់ទាត់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី ​រក​ឃើញ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថ្មី​ហើយ​គឺ​អតីត​គ្រូ​បង្វឹក​ឈីលីលោក Juan Antonio Pizzi​។

​​បុរស​វ័យ 49ឆ្នាំ​អា​ហ្ស​ង់​ទីន​រូប​នេះ ​នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ទីក្រុង Moscow ប្រទេស​រុស្ស៊ី​ក្នុងពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល​ផ្លូវការ​សំរាប់ World Cup 2018​។ ​លោក Antonio Pizzi បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ទី​បី​ហើយ​ ដែល​មកកាន់​តំណែង​គ្រូ​បង្វឹក​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ក្នុង​រយៈពេល 3ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​លោក Edgardo Bauza ជំនួស​តំណែង​លោក Bert van Marwijk ដែល​បាន​ដឹកនាំ​ក្រុម​ឆ្លង​ផុត​វគ្គ​ជម្រុះ​ឆ្ពោះ​ទៅ World Cup លើកដំបូង​រាប់​ពី​ឆ្នាំ2006​។ ​លោក Van Marwijk ក្រោយមក​ក៏​លាលែង​ពី​តំណែង​ បន្ទាប់ពី​ចរចា​កិច្ចសន្យា​ថ្មី​មិន​ត្រូវ​គ្នា​ជាមួយ​សហព័ន្ធបាល់ទាត់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី មុន​ពេល​ដែល Bauza មក​ជំនួស​តំណែង​ហើយ​ក៏​ត្រូវ​បណ្ដេញ​ចេញ​ក្រោយ​ដឹកនាំ​បន្ត​បានតែ 5ប្រកួត​។

​​ដោយឡែក​លោក Juan Antonio Pizzi ចុងក្រោយ​បំផុត​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឈីលី តែ​លោក​ក៏បានលាលែង​ពី​តំណែង ​ក្រោយ​ដឹកនាំ​ក្រុម​ឈីលី​ទៅ World Cup មិនបាន​។ ​សូម​បញ្ជាក់​ថា អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី នឹង​បង្ហាញខ្លួន​នៅ World Cup លើក​ទី5 តែ​វត្តមាន​ជោគជ័យ​បំផុត​របស់​ពួកគេ​ គឺការ​បង្ហាញ​ខ្លួន​ដំបូង​កាលពី​ឆ្នាំ1994 នៅ​សហរដ្ឋអាមេរិក​ ជា​ពេល​ដែល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ឡើង​ដល់​វគ្គ 16ក្រុម​ចុងក្រោយ​។ បន្ត​បន្ទាប់មក​ក្រុមបាល់ទាត់​នៅ​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ ​ឆ្លង​មិន​ផុត​វគ្គ​វិល​ជុំ​ក្នុង​ពូ​ល​ឡើយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ​ Via: BTV News