លោក Alan Pardew ដែលជាគ្រូបង្វឹកទើបតែងតាំងថ្មីរបស់ក្លិប កាលពីថ្ងៃពុធ បានកំណត់គោលដៅរបស់លោកទៅលើការឈ្នះពានផ្សេងៗ ក្រោយពីបានធ្វើបទបង្ហាញភ្លាមៗទៅលើគោលដៅជាអាទិភាពក្នុងការជួយឲ្យក្លិបដែលមានម្ចាស់កម្មសិទ្ធិជាជនជាតិចិនមួយនេះ គេចចេញឲ្យឆ្ងាយពីតំបន់កាត់ចោលនៃក្របខ័ណ្ឌ Premier League។

អតីតអ្នកចាត់ការទូទៅរបស់ក្លិប West Ham United, Newcastle United និង Crystal Palace រូបនេះ បានយល់ព្រមលើកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ ជាមួយនឹង West Brom ដែលកំពុងនាំមុខត្រឹមតែ២ពិន្ទុគត់លើក្រុមស្ថិតក្នុងតំបន់កាត់ចោល។ ស្របពេលពេលវេលានៃពាក់កណ្តាលរដូវកាលជិតឈានមកដល់ ក្លិប Everton ដែលក៏លេងក្នុងក្របខ័ណ្ឌ Premier League ដែរនោះ នឹងត្រូវតែងតាំងលោក Sam Allardyce អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ ក្លិប West Brom បានបណ្តេញលោក Tony Pulis ចេញពីតំណែងកាលពីសប្តាហ៍មុន ក្រោយពីពួកគេមិនស្គាល់ឈ្នះសោះពីការប្រកួតក្របខ័ណ្ឌ Premier League ១០លើកជាប់ៗគ្នា ខណៈដែលលោក Pulis ក្លាយជាគ្រូបង្វឹកទី៥ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដែលរងនូវការបណ្តេញចេញ នៅរដូវកាលនេះ។

លោក Pardew បានឲ្យដឹងថា៖ «ខ្ញុំដ៏ខ្លាំងបំផុតរបស់ខ្ញុំ ផ្តោតទៅលើការលេងទៅមុខជានិច្ច និងព្យាយាមយ៉ាងខ្លាំង ហើយបានធ្វើឲ្យក្រុមជាច្រើនស្ថិតក្រោមសម្ពាធ។ ពេលខ្លះ អ្នកនឹងត្រូវឈាមច្រមុះក្នុងពេលធ្វើបែបនោះ ហើយនោះគឺជាអ្វីដែលខ្ញុំនឹងផ្តល់ឲ្យនៅទីនេះក្នុងក្លិប West Brom»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «បញ្ហាប្រឈមមុខភ្លាមៗពេលនេះ គឺការផ្អាកការធ្លាក់ចុះជាបន្តបន្ទាប់ ទទួលបានពិន្ទុនៅលើតារាង និងធ្វើឲ្យខ្លួនយើងស្ថិតក្នុងទីតាំងដែលយើងអាចព្យាយាមប្រជែងចំណាត់ថ្នាក់កំពូលទាំង១០ ប្រសិនបើអាច»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia