ក្លិបទូកក្តោង Everton បានតែងតាំងលោក Sam Allardyce អតីតជាអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងជាអ្នកជំនាញខាងសង្គ្រោះក្លិបក្នុងក្របខ័ណ្ឌកំពូល ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្នុងកិច្ចសន្យារយៈពេល១៨ខែ។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌអង់គ្លេស Premier League មួយនេះកាលពីថ្ងៃព្រហស្បតិ៍។ លោក Allardyce ដែលក្លិបកាលពីមុនរបស់គេក៏រាប់បញ្ចូលទាំងក្លិប Bolton Wanderers, Newcastle United, Sunderland និង Crystal Palace ផងដែរនោះ នឹងត្រូវដឹកនាំក្រុម Everton ជាលើកទី១របស់លោក នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Huddersfield Town នាកីឡដ្ឋាន Goodison Park សម្រាប់ការប្រកួតលីក នៅថ្ងៃសៅរ៍នេះ។

លោក Allardyce បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំតែងតែបានគិតថា Everton គឺជាក្លិបដ៏អស្ចារ្យមួយ។ ពិតណាស់ ក្លិបនេះ បានឆ្លងកាត់ឧបស័គ្គជាច្រើន ហើយជាការរំពឹងទុក ខ្ញុំអាចបញ្ចប់បញ្ហាផ្សេងៗឲ្យបានឆាប់តាមដែលអាច និងចាប់ផ្តើមវិលទៅរកភាពខ្លាំងម្តងទៀត»។ ការចូលរួមរបស់លោក Allardyce ជាមួយនឹងក្លិបស្ថិតក្នុងទីក្រុង Liverpool មួយនេះ ត្រូវបានប្រកាសឡើងកាលពីថ្ងៃពុធ ដែលនៅពេលនោះក្លិប Everton បានបញ្ជាក់ថា ពួកគេកំពុងតែបំពេញលក្ខខណ្ឌមួយជាមួយនឹងគ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ៦៣ឆ្នាំរូបនេះ ដែលនឹងចូលជំនួសលោក Ronald Koeman ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Everton ក្នុងរយៈពេលច្រើនជាង១ខែ ក្រោយពីគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ត្រូវបានបណ្តេញចេញ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia