លោក Mauricio Pochettino បាននិយាយថា ទាំងរូបលោក និងកីឡាកររបស់ក្រុម Tottenham Hotspur ត្រូវតែទទួលយកនូវការរិះគន់ផ្សេងៗ ក្រោយពីបានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាងនៃក្របខ័ណ្ឌ Premier League។

Spurs នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Watford នៅថ្ងៃសៅរ៍នេះ ខណៈដែលក្តីសង្ឃឹមនៃការឈ្នះពានក្របខ័ណ្ឌ Premier League ស្ទើរតែផុតរលត់ទៅហើយ ក្រោយពីបានរងបរាជ័យនៅលើទឹកដីក្រុម Arsenal និង Leicester City ក៏ដូចជាការបញ្ចប់ក្នុងលទ្ធផលស្មើលើទឹកដីខ្លួនឯងជាមួយនឹងក្រុម West Bromwich Albion។ វាជាលទ្ធផលដ៏ជូរចត់សម្រាប់អ្នកគាំទ្ររបស់ក្រុម Spurs ខណៈដែលវាមានរយៈពេល ៥៦ឆ្នាំមកហើយ ចាប់តាំងពីក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ បានឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកចុងក្រោយ។

ប៉ុន្តែ លោក Pochettino បានសន្យាថា នឹងផ្លាស់ប្តូរថាមពលទម្រង់លេងរបស់ក្រុម ដើម្បីធ្វើឲ្យពួកគេវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ។ លោក Pochettino អ្នកចាត់ការទូទៅរបស់ Spurs បានឲ្យដឹងថា៖ «វាពិតណាស់ដែលយើងបានជួបភាពត្រដាបត្រួសនៅពេលប្រកួតជាមួយនឹងក្រុម Arsenal និង West Bromwich ហើយទម្រង់លេងនៅពេលប្រកួតជាមួយនឹងក្រុម Leicester ក៏មិនស្ថិតក្នុងកម្រិតលេងដ៏ល្អផងដែរ»។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមទៀតថា៖ «ពេលខ្លះ អ្នកត្រូវតែមានភាពមុតស្រួចបនិ្តច ឬក៏មានសំណាងបន្តិចក្នុងការឈ្នះការប្រកួត។ យើងកំពុងតែស្ថិតក្នុងដំណាក់កាលដែលយើងត្រូវតែផ្លាស់ប្តូរថាមពល និងចាប់ផ្តើមបង្កើតភាពខ្លាំងម្តងទៀត។ វាជាឱកាសដ៏អស្ចារ្យក្នុងការចាប់ផ្តើមម្តងទៀតនៅពេលប្រកួតជាមួយនឹងក្រុម Watford»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០យប់៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sky Sports