ខ្សែប្រយុទ្ធ Ivan Perisic បានជួយឲ្យក្រុមមិនស្គាល់ចាញ់ Inter Milan ឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ តាមរយៈការស៊ុតបាល់បញ្ចូលទី ៣គ្រាប់តែម្នាក់ឯង ក្នុងពេលពួកគេទទួលជ័យជម្នះ ៥-០ លើក្រុម Chievo ក្រោយពីរជ្ជកាលរបស់លោក Gennaro Gattuso ក្នុងក្រុម AC Milan បានចាប់ផ្តើមដោយអ្នកចាំទី Alberto Brignoli ជួយឲ្យក្រុម Benevento រកបានពិន្ទុជាលើកទី១ របស់ពួកគេក្នុងក្របខ័ណ្ឌ Serie A។

ខ្សែប្រយុទ្ធអន្តរជាតិក្រូអាស៊ី Perisic បានរកគ្រាប់បាល់បើកឆាកនាកីឡដ្ឋាន San Siro នៅនាទី ទី២៣ និងបានបន្ថែមគ្រាប់បាល់ ២គ្រាប់ទៀត ក្នុងតង់ទី២ ស្របពេលដែលប្រធានក្រុមរបស់ Inter គឺ Mauro Icardi រកបានគ្រាប់បាល់ទី១៦ របស់គេនៅរដូវកាលនេះ នៅរយៈពេល ៧នាទីចុងក្រោយនៃតង់ទី១ ហើយខ្សែការពារ Milan Skriniar បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៦០។ បច្ចុប្បន្នក្រុម Inter របស់លោក Luciano Spalletti គឺជាក្រុមតែមួយដែលមិនទាន់ស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌលីក ក្រោយពីការប្រកួត ១៥លើក បន្ទាប់ពីក្រុម Napoli បានរងបរាជ័យក្នុងលទ្ធផល ១-០ លើទឹកដីខ្លួនឯង ក្រោមស្នាដៃរបស់ក្រុមម្ចាស់ផ្ទះ Juventus កាលពីថ្ងៃសុក្រ។

Inter កំពុងតែនាំមុខក្នុងក្របខ័ណ្ឌ Serie A ជាលើកទី១ បើគិតចាប់តាំងពីខែមករា ឆ្នាំ២០១៦ ដោយនាំមុខ ១ពិន្ទុលើក្រុម Napoli និង ២ពិន្ទុលើក្រុម Juventus ដែលកំពុងតែប្រមាញ់រកការឈ្នះពានក្របខ័ណ្ឌលីកជាលើកទី៧ ជាប់ៗគ្នារបស់ពួកគេ ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Inter នៅថ្ងៃសៅរ៍ ខាងមុខនេះ។ Perisic បានឲ្យដឹងថា៖ «វាមិនសំខាន់ឡើយថា តើនរណាជាអ្នករកគ្រាប់បាល់បញ្ចូលទីនោះ? ក្រុមឈ្នះទើបសំខាន់ យើងបានរង់ចាំជាយូរមកហើយសម្រាប់ការដណ្តើមចំណាត់ថ្នាក់លេខ១ ពេលនេះ យើងត្រូវតែរក្សាការនាំមុខ ហើយយើងនឹងធ្វើដំណើរទៅកាន់ទីក្រុង Turin ដើម្បីកត់ត្រាជ័យជម្នះពេលប្រកួតជាមួយនឹង Juventus»៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Inter vs Chievo ៖

ប្រភព៖ Channel News Asia