ការប្រមាញ់រករបស់តារាឆ្នើម Lionel Messi ដើម្បីផ្តល់ការឈ្នះពាន World Cup សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន អាចនឹងតម្រូវឲ្យក្រុមម្ចាស់ជើងឯក ២សម័យកាលមួយនេះ ត្រូវជួបឧបស័គ្គដ៏ធំមួយក្នុងវគ្គ ៨ក្រុមចុងក្រោយគឺ អេស្ប៉ាញ។ ប៉ុន្តែ ទាំងក្រុមជម្រើសជាតិអេស្ប៉ាញ ម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ និងបានបញ្ចប់ដោយការឈរពីលើក្រុមអ៊ីតាលីក្នុងជម្រុះ World Cup និងក្រុមជម្រើសជាតិអាហ្សង់ទីន សុទ្ធសឹងមិនបានស្ថិតក្នុងពូលដ៏ងាយស្រួលឡើយ។

ក្រោយពីបានការចាប់ឆ្នោតសម្រាប់វគ្គចែកពូលកាលពីថ្ងៃសុក្រ ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវតែយកឈ្នះលើក្រុមម្ចាស់ជើងឯកអឺរ៉ុប ព័រទុយហ្គាល់ របស់តារាឆ្នើម Cristiano Ronaldo ក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងទីក្រុង Sochi នាថ្ងៃទី១៥ ខែមិថុនា ដើម្បីបញ្ចប់ដោយការឈរលេខ១ ក្នុងពូល B។ ស្របពេលពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក៏ប្រឈមមុខនឹងការងារដ៏លំបាកផងដែរ ក្រោយពីបានដឹងថា ប្រសិនបើពួកគេសម្រេចបាននូវសមិទ្ធផលដូចក្នុង World Cup ២លើកចុងក្រោយរបស់ពួកគេ និងឈានទៅវគ្គ១៦ក្រុមចុងក្រោយ ពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ឬព័រទុយហ្គាល់។

ក្រុមជម្រើសជាតិអេស្ប៉ាញ និងព័រទុយហ្គាល់ ដឹងថា ការបញ្ចប់ដោយការឈរលេខ១ក្នុងពូល នឹងតម្រូវឲ្យពួកគេត្រូវប៉ះជាមួយនឹងក្រុមឈរលេខ២នៃពូល A ដែលអាចជាក្រុមជម្រើសជាតិអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ឬក្រុមម្ចាស់ផ្ទះរុស្ស៊ី ដែលជាក្រុមមានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងយុទ្ធនាការនេះ ប្រសិនបើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដណ្តើមបានលេខ១ក្នុងពូល។ Messi និងក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៤ អាហ្សង់ទីន ត្រូវបានស្ថិតក្នុងពូល D រួមជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នីហ្សេរីយ៉ា និងក្រុមចំណូលថ្មីអ៊ីតាលី៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Worldsoccertalk