អ្នកចាំទី Sven Ulreich បាននិយាយថា ក្រុម Bayern Munich នឹងធ្វើដំណើរទៅសងសឹកចំពោះការចាញ់របស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្រោមការស្នាដៃក្រុម Paris Saint-Germain នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងទីក្រុង Munich នៅរាត្រីនេះ។

ក្រុម Bayern បានរងបរាជ័យ ៣-០ ក្នុងទីក្រុងប៉ារីស កាលពីខែកញ្ញា ដែលនៅពេលនោះ Dani Alves, Edinson Cavani និង Neymar សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីនាកីឡដ្ឋាន Parc de Princes។ ការរងបរាជ័យនេះ បានធ្វើឲ្យក្រុម Bayern សម្រេចបណ្តេញលោក Carlo Ancelotti ចេញពីតំណែងគ្រូបង្វឹក ហើយលោក Jupp Heynckes ត្រូវបានតែងតាំងជំនួស។ ចាប់តាំងពីពេលនោះមក Bayern បានដណ្តើមជ័យជម្នះ១០លើកក្នុងចំណោមការប្រកួត១១លើករបស់ពួកគេ។

ស្របពេលដែលក្រុមទាំងពីរសុទ្ធសឹងបានឈានទៅវគ្គបន្តដូចគ្នា ក្រុម Bayern ត្រូវតែផ្តួលក្រុម PSG តាមរយៈការរកគ្រាប់បាល់ឲ្យបាន៤គ្រាប់នាកីឡដ្ឋាន Allianz Arena នៅថ្ងៃអង្គារនេះ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្នុងពូល ប៉ុន្តែ ក្រុមរបស់អាល្លឺម៉ង់មួយនេះ មានគោលដៅមួយក្នុងការកាត់សេចក្តីក្នុងការប្រកួតមិនថា លទ្ធផលបែបណាក៏ដោយ។ អ្នកចាំទី Ulreich បានប្រាប់ទស្សនាវដ្តី Kicker ថា៖ «ពិតណាស់ យើងចង់សងសឹក។ វាពិតជាលំបាកណាស់ក្នុងការដណ្តើមបានលេខ១ក្នុងពូល ប៉ុន្តែ វាជាកិត្យានុភាព ហើយយើងចង់បង្ហាញថា ការប្រកួតជើងទី១ គ្រាន់តែជាការភ្នាត់ស្នៀតប៉ុណ្ណោះ»។ ក្តីសង្ឃឹមរបស់ក្រុម Bayern បានទទួលនូវការជឿជាក់ដ៏ធំមួយកាលពីថ្ងៃសៅរ៍ ខណៈដែល PSG បានរងបរាជ័យក្នុងការប្រកួតលីកជាលើកទី១របស់ពួកគេ ក្នុងរដូវកាលនេះ តាមរយៈការចាញ់ក្រុម Racing Strasbourg ២-១ ស្របពេលដែល Bayern បានផ្តួលក្រុម Hanover ៣-១ ក្នុងទីក្រុង Munich។

លោក Heynckes ដែលជាគ្រូបង្វឹក បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «យើងមានភាពជាក់លាក់។ យើងមិនផ្តោតលើការឈ្នះលេខ១ ក្នុងពូលឡើយ ប៉ុន្តែផ្តោតលើកិត្យានុភាព។ យើងចង់ធ្វើឲ្យការប្រកួតជើងទី១ ក្លាយជារឿងអតីតកាល»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
ប្រភព៖ Sport24