អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ កែវ​ រំចង់​ ប្រឹង​ហ្វឹកហាត់​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ព្រោះ​ចង់​យក​ឈ្នះ​ដៃ​គូ​មក​ពី​ថៃ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ខាង​មុខ។​

កែវ​ រំចង់​ បាន​លើក​ឡើង​ថា​ សព្វ​ថ្ងៃ​នេះ​ខ្លួន​ពិត​ជា​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​មែនទែន​ និង​ព្យាយាម​សម្រក់​ទម្ងន់​តាំង​ពី​ ៨៧​គីឡូក្រាម​ រហូត​ដល់​ ៧៦​គីឡូក្រាម​ថែម​ទៀត​ផង។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​បន្ថែម​ថា​ លោក​ព្យាយាម​រត់​ជា​ប្រចាំ​ និង​តម​អាហារ​​មួយ​ចំនួន ហើយ​បរិភោគ​តែ​អាហារ​ដែល​មាន​ថាមពល​។​

កីឡាករ​ កែវ​ រំចង់​ នឹង​ឡើង​សង្វៀន​នៅ​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ក្នុង​កម្មវិធី​គូបូតា​ នៅ​បាយ័ន​ស្ទឹង​មានជ័យ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ប៉ះ​ជើង​ខ្លាំង​ថៃ​រូប​ណា​នោះ​ទេ។​ នេះ​ជា​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​ក្រោយ​ពី​អ្នក​ប្រដាល់​រូប​នេះ​អាក់ខាន​តាំង​ពី​មាន​របួស​ដួល​ម៉ូតូ​នា​ចុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ៕​