សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​សម្រេច​បើក​ឲ្យមាន​ការ​ប្រកួតជម្រើសជើង​ឯក​លីគទី​២ ឡើង​វិញ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ក្រោយពី​ក្របខ័ណ្ឌ​លំដាប់ទី​២ បន្ទាប់ពី​លីកកំពូល​កម្ពុជា មួយនេះ ​ត្រូវ​បាន​ផ្អាក ឬអត់មានសកម្ម​ភាព​អស់​រយៈ​ពេល៣ឆ្នាំ​កន្លង​មក​នេះ។

ការ​មិន​រៀបចំឲ្យមាន​ការ​ប្រកួត​លីគទី​២ អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យការ​ជ្រើសរើស​ក្រុម​ចំនួន​២ សម្រាប់​ឡើង​ទៅ​លេងនៅលីកកំពូល​កម្ពុជា ត្រូវបាន​ជាប់​គាំង ឬ​ធ្វើ​ឡើង ដោយ​គ្មាន​រចនា​សម្ព័ន្ធច្បាស់លាស់ ព្រោះតាមគោលការណ៍​កន្លង​មក គឺ​ក្រុម​ទទួល​បាន​លេខ​១ និង​លេខ​២ ត្រូវ​ឡើង​ទៅលេង​នៅ​លីកកំពូល​កម្ពុជា ជំនួស​ក្រុម​បាតតារាងទាំង២ ដែល​ត្រូវ​បានកាត់​ចេញ។

យ៉ាងណា​ក៏​ដោយ ​តាមសេចក្តីជូនដំណដឹង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា ដែល​​ត្រូវបាន​ចែក​ចាយ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជាក់ថា សហព័ន្ធ នឹង​រៀបចំ​ឲ្យមានការ​ប្រកួត​លីគទី​២ ជាថ្មី​វិញ ដែល​គ្រោង​នឹងធ្វើ​ពី​ថ្ងៃទី​៣ ខែតុលា ដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ចាប់​ទទួល​ពាក្យ​ក្រុម​ចូលរួម​ពី​ពេលនេះ​ទៅ ​រហូត​ដល់​ថ្ងៃទី​៣១ ខែសីហា។

ជាមួយ​គ្នា​ សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា ក៏​បាន​បង្ហាញ​កម្ម​វិធី​ប្រកួត​ចំនួន៥​ទៀត ដែល​នឹង​ចាប់​ដំណើរ​ការពី​​ឆ្នាំ​២០២០​នេះ​តទៅ​ផងដែរ ក្នុង​នោះ​មានការ​ប្រកួតពាន​រង្វាន់​ក្នុង​សាល​ថ្នាក់ជាតិ, ជម្រើសជើង​ឯកបាល់​ទាត់នារី(លីគ), ជម្រើសរើសជើង​ឯក​បាល់ទាត់នារី​អាយុ​ក្រោម១៥​ឆ្នាំ, ពាន​រង្វាន់បាល់​ទាត់យុវជន​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​ពាន​រង្វាន់​បាល់​ទាត់យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ។

ចំពោះ​ការ​រៀបចំ​ឲ្យមាន​ព្រឹត្តិការណ៍​ទាំងនេះ ត្រូវបានសហព័ន្ធកីឡា​បាល់​ទាត់កម្ពុជា បញ្ជាក់​ថា គឺជាការ​អនុវត្តផែន​ការកែ​ទម្រង់​អភិវឌ្ឍន៍​កីឡាបាល់​ទាត់​កម្ពុជា ឆ្ពោះ​ទៅកាន់ការ​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ ជា​ប្រវត្តិសាស្រ្ត លើក​ដំបូង៕