យោងគេហទំព័រ Don Balon បានចុះផ្សាយថា៖ គ្រូបង្វឹកក្រុមការពារតំណែងជើងឯក Chelsea លោក Antonio Conte បានស្នើសុំយោបល់ ពីខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតរបស់ក្រុមកីឡាករ Alvaro Morata ថាតើក្រុមគួរនាំយកខ្សែប្រយុទ្ធរូបណា ដើម្បីមកពង្រឹងក្រុមនៅកំលុងពេលទីផ្សារដោះដូរកីឡាករ ដែលនឹងបើកនាខែមករាខាងមុខនេះ។ Morata វ័យ 25ឆ្នាំ បានផ្ទេរពី Real Madrid មកចូលរួមជាមួយ Chelsea កាលពីដើមរដូវកាលកន្លងមកក្នុងតម្លៃ 70លានផោន បច្បុប្បន្នរកគ្រាប់បាល់បាន 8គ្រាប់គ្រប់ក្របខណ្ឌប្រកួត ខណៈខ្សែប្រយុទ្ធបែលហ្សិក Michy Batshuayi មានតម្លៃខ្លួន 33លានផោន មិនត្រូវបានអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះផ្តល់ជំនឿទុកចិត្តខ្លាំងនោះទេ។

កីឡាករដែលខ្សែប្រយុទ្ធ Morata ផ្តល់ជាយោបល់ដល់គ្រូបង្វឹកក្នុងការចុះហត្ថលេខានាំយកមករួមក្រុមនោះ គឺកីឡាករ Sandro RaMirez ដែលកំពុងលេងអោយក្រុម Everton នាពេលសព្វថ្ងៃនេះតែម្តង។ ខ្សែប្រយុទ្ធមិត្តរួមជាតិអេស្បាញវ័យ 22ឆ្នាំ រូបនេះបង្ហាញខ្លួនបាន 9ប្រកួតកន្លងមក បន្ទាប់ពីផ្ទេរមកលេងនៅកីឡាដ្ឋាន Goodision Park មកជំនួសតំណែង Lukaku ប៉ុន្តែនៅមិនទាន់រកគ្រាប់បាល់បញ្ចូលទីអោយក្រុមនៅឡើយទេ។
Morata នៅតែផ្តល់តម្លៃដល់អតីតខ្សែប្រយុទ្ធក្រុម Barcelona និង Malaga រូបនេះ ហើយសង្ឃឹមថា អាចលេងចាប់ដៃគូជាមួយកីឡាករ Ramirez នាថ្ងៃណាមួយ។ ក្រុម Chelsea នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម West Brom នាថ្ងៃទី18 ខែធ្នូខាងមុខនេះស្របពេលបច្ចុប្បន្នក្រុមChelsea មានពិន្ទុតាមពីក្រោយក្រុមកំពូល តារាង Man.City ចំនួន 11ពិន្ទុ។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailystar