លោក Jurgen Klopp អ្នកចាត់ការទូទៅនៃក្រុមហង្សក្រហម Liverpool កំពុងតែមានការជឿជាក់ក្នុងការគេចឲ្យផុតពីការភ្នាត់ស្នៀតណាមួយពីក្រុមរបស់លោក ខណៈដែលលោកសម្លឹងរកការកៅអីមួយក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្របពេលដែលការមានប្រៀបផ្សេងៗកំពុងតែស្ថិតលើពួកគេ។

ការបញ្ចប់ក្នុងលទ្ធផលស្មើលើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Spartak Moscow ក្នុងការប្រកួតជុំចុងក្រោយនៃពូលរបស់ពួកគេ នឹងធ្វើឲ្យ Liverpool ឈានទៅវគ្គបន្ត ខណៈដែលការដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យពួកគេបញ្ចប់ដោយការឈរលេខ១ក្នុងពូល E ប៉ុន្តែ លោក Klopp មិនហ៊ានដាក់ក្តីសង្ឃឹមឲ្យខ្ពស់ឡើយ ក្រោយពីក្រុមរបស់លោកបានខ្ជះខ្ជាយការនាំមុខ ៣-០ នៅពេលប្រកួតជាមួយនឹងក្រុម Sevilla កាលពីថ្ងៃប្រកួតបើកឆាក។

កាលពីរយៈពេល ៣ឆ្នាំមុន ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុប ៥សម័យកាលមួយនេះ ត្រូវតែដណ្តើមឲ្យបានជ័យជម្នះក្នុងផ្ទះខ្លួនឯងលើក្រុម Basel ដើម្បីទៅវគ្គបន្ត ប៉ុន្តែ ការបញ្ចប់ត្រឹមលទ្ធផលស្មើ បានធ្វើឲ្យក្រុម Liverpool ដែលស្ថិតក្រោមការដឹកនាំរបស់លោក Brendan Rodgers ធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Europa League តែម្តង។ លោក Klopp ដែលក្រុម Liverpool របស់លោកកំពុងតែប្រជែងយកកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៩នោះ បានឲ្យដឹងថា៖ «រាល់រឿងល្អ និងអាក្រក់ទាំងអស់ដែលបានកើតឡើងក្នុងក្របខ័ណ្ឌ Champions League ដែលភាគច្រើនជារឿងល្អ បានធ្វើឲ្យយើងស្ថិតក្នុងស្ថានភាពនេះ ហើយប្រសិនបើយើងឈ្នះ យើងទៅវគ្គបន្ត ហើយនោះគឺជារឿងដ៏រំភើប»។

លោក Klopp បានបន្ថែមទៀតថា៖ «ខ្ញុំដឹងថា មនុស្សជាច្រើនប្រហែលជាគិតថា យើងគួរតែទៅវគ្គបន្តរួចទៅហើយ ប៉ុន្តែវាមិនទាន់ជាក់លាក់ឡើយ។ វាមិនអាចអាស្រ័យទៅលើពាក្យ “ប្រសិនបើ” ឬ “នៅពេលដែល” ឡើយ វាអាស្រ័យលើភាពជាក់ជាក់»។ បច្ចុប្បន្ន Liverpool កំពុងតែនាំមុខក្នុងពូល E ដោយមាន ៩ពិន្ទុ និងគ្រាប់បាល់ចំនួន១០ ពីការប្រកួត ៥លើក ខណៈដែល Sevilla កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដេញតាមពីក្រោយ ១ពិន្ទុតែគ្មានគ្រាប់បាល់នៅក្នុងដៃ ហើយ Spartak ឈរលេខ៣ ដោយមាន ៦ពិន្ទុនិងគ្រាប់បាល់ចំនួន៣ ក្នុងដៃ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24