ការស៊ុតបាល់បញ្ចូលទី ៣គ្រាប់សម្រាប់ក្រុម Liverpool ជាលើកដំបូងរបស់ Philippe Coutinho បានជួយឲ្យក្រុមរបស់លោក Jurgen Klopp លត់ក្រុម Spartak Moscow យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-០ កាលពីថ្ងៃពុធ និងដើម្បីជួយឲ្យក្រុមមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះ ឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ហើយខ្សែប្រយុទ្ធ Roberto Firmino និង Mohamed Salah សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីម្នាក់ ១គ្រាប់ដូចគ្នា ខណៈដែលតារាឆ្នើមទាំង៤ របស់ក្រុម Liverpool បានធ្វើឲ្យក្រុមម្ចាស់ជើងឯកកំពូលអឺរ៉ុប ៥សម័យកាលមួយនេះ វិលទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាលើកទី១ ក្រោយពីអវត្តមានអស់​ ៩ឆ្នាំ។ ហេតុនេះ ក្រុម Liverpool ដែលបានបញ្ចប់ដោយឈរលេខ១ ក្នុងពូល E នឹងត្រូវចូលរួមជាមួយនឹងក្រុម Manchester United, Manchester City, Chelsea និង Tottenham Hotspur ក្នុងការឆ្លងផុតពីការប្រកួតវគ្គចែកពូល ដើម្បីធ្វើឲ្យអង់គ្លេស ក្លាយជាប្រទេសដំបូងគេក្នុងការមានក្រុមចំនួន៥ត្រូវទៅប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

វាជាការទទួលជ័យជម្នះវគ្គចែកពូលដ៏ធំបំផុតជាលើកទី២ ក្រោយពីបានផ្តួលក្រុម Maribor ក្នុងលទ្ធផល ៧-០ និងបានលុបចោលការចងចាំដ៏ខកចិត្តមួយក្នុងការប្រកួតកាលពីមុន នៃយុទ្ធនាការនេះ ដែលនៅពេលនោះពួកគេបានខ្ជះខ្ជាយការនាំមុខ ៣-០ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុមលេខ២ ក្នុងពូល Sevilla។ ស្របពេលដែល Liverpool បានស៊ុតបាល់បញ្ចូលទីដល់ទៅ ៣២គ្រាប់ ក្នុងការប្រកួត ៩លើកចុងក្រោយរបស់ពួកគេ មានក្រុមតិចតួចប៉ុណ្ណោះនឹងរីករាយក្នុងការជួបជាមួយនឹងក្រុមដែលមានតារាឆ្នើមៗដូចជា Coutinho, Salah, Mane និង Firmino ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលការចាប់ឆ្នោតនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Liverpool និង Spartak Moscow ៖