ក្រុងគាវ)៖ ក្រុមខ្លាំងមេឃខៀវ Manchester City បានរងបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Shakhtar Donetsk របស់អ៊ុយក្រែន ដែលជាការចាញ់លើកទី១ របស់ពួកគេក្នុងចំណោម ២៩ប្រកួតទាំងក្នុង UEFA Champions League និង Premier League រួមទាំងប្រកួតពានផ្សេងៗទៀត។

ក្នុងជំនួបបញ្ចប់ពូល F នៃយុទ្ធនាការ Champions League របស់ក្រុមដែលកំពុងគ្រប់គ្រងកំពូលតារាង Premier League បានភ្លាត់ស្នៀតរបូត ២គ្រាប់តាំងពីក្នុងវគ្គទី១ គឺនៅនាទីទី២៦ ដោយកីឡាករ Bernard និង Ismaily នៅនាទិទី៣២ មុនពេលកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Aguero ប៉េណាល់ទីបានសម្រេច ១គ្រាប់នៅ នាទីទី៩០+២។

នេះជាការបរាជ័យលើកទី១ ផងដែរនៅ Champions League រដូវកាលឆ្នាំ២០១៧-២០១៨ នេះ ក្នុងចំណោម ៦ប្រកួត ឈ្នះ៥ដង និងមិនដែលស្មើ ជាមួយនឹង ១៥ប្រកួតនៅ Premier League ឈ្នះ១៤ដង និងស្មើ១ដង មិនដែលចាញ់ឡើយ។

ការបាត់បង់ ៣ពិន្ទុនៅក្រៅដីលើកដំបូងនេះដែរ មិនជាកង្វល់សម្រាប់ Manchester City ឡើយ ដោយបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ១ ប្រចាំពូល F នៃក្របខណ្ឌអឺរ៉ុប UEFA Champions League ដោយរកបាន ១៥ពិន្ទុក្នុងចំណោម ជ័យជម្នះ ៥ប្រកួត និងចាញ់១ដង ស្របពេល Shakhtar Donetsk ក៏បានឡើងទៅវគ្គ១៦ក្រុមផងដែរ ដោយបញ្ចប់ នៅចំណាត់ថ្នាក់លេខ២ និង Napoli របស់អ៊ីតាលី បានទៅលេង UEFA Europa League ក្រោយបញ្ចប់ដោយលេខ៣ ក្រោយចាញ់ក្រុមបាតតារាង Feyenoord ២-១ យប់មិញនេះដែរ៕