ក្រុម Melbourne City បានព្រមព្រៀងឈានដល់កិច្ចបញ្ចប់សន្យា 3ឆ្នាំ ជាមួយខ្សែប្រយុទ្ធ Tim Cahill ស្របពេលសាមីខ្លួនចង់ចាកចេញដើម្បីស្វែងរកក្លឹបថ្មី គោលបំណងរកឪកាសចូលលេងបានច្រើនជាងនេះ បន្ទាប់ពីរដូវកាលថ្មី អតីតកីឡាករក្រុម Everton រូបនេះ មិនត្រូវបានស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក លោក Warren Joyceនោះទេ។

ស្ថិតនៅក្នុងវ័យ 38ឆ្នាំ Cahill កីឡាករដែលរកគ្រាប់បាល់អោយក្រុមជម្រើសជាតិអូស្រ្តាលីច្រើនជាងគេមួយនេះ បានសម្រេចចិត្តចាកចេញពីក្រុមនៅលីកកំពូល A-League ដើម្បីបានបង្ហាញវត្តមាននៅព្រឹត្តការណ៏ World Cup 2018 នាឆ្នាំក្រោយនៅប្រទេសរុស្សី។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Cahill បាននិយាយថា៖ វាគឺជាមោទនភាពមួយដែលបានជួយក្រុមជម្រើសជាតិមានវត្តមានក្នុងព្រឹត្តិការណ៏កីឡា ដ៏សំខាន់របស់ពិភពលោករៀងរាល់ 4ឆ្នាំម្តងមួយនេះ។

Cahill រកគ្រាប់បាល់បាន 50គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិ ក្រោយការបង្ហាញខ្លួន 104ប្រកួត កន្លងមក និងអាចក្លាយជាបេក្ខភាពកីឡាករទីបួនដែលមានវត្តមាន និងជាអ្នករកគ្រាប់បាល់បានក្នុងព្រឹត្តការណ៏ World Cup បួនសម័យ នៅឆ្នាំ2006 នៅប្រទេសអាឡឺម៉ង់, អាហ្វ្រិកខាងត្បូងនៅឆ្នាំ2010 និង ប្រទេសប្រេស៊ីលនាឆ្នាំ2014 ។