តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ជាលើកទី៥ របស់គេ ក្នុងនាមជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។ ការឈ្នះពានរង្វាន់បាល់មាសជាលើកទី២ ជាប់ៗគ្នារបស់ខ្សែប្រយុទ្ធនៃក្លិប Real Madrid រូបនេះ តាមស្មើកំណត់ត្រារបស់តារាឆ្នើម Lionel Messi នៃក្លិប Barcelona សម្រាប់ការឈ្នះពាន Ballons d’Or ៥លើក ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ហើយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ទទួលបានចំណាត់ថ្នាក់លេខ៣។

Ronaldo បានឲ្យដឹងក្នុងកម្មវិធីមួយនៅឯប៉ម Eiffel Tower ក្នុងទីក្រុងប៉ារីសថា៖ «ពិតណាស់ ខ្ញុំមានអារម្មណ៍រីករាយ។ នេះគឺជាអ្វីដែលខ្ញុំសម្លឹងចង់ឈ្នះជារៀងរាល់ឆ្នាំ»។ Ronaldo បានបន្ថែមទៀតថា៖ «ពានរង្វាន់ជាច្រើនដែលត្រូវបានឈ្នះកាលពីឆ្នាំមុន បានជួយឲ្យក្រុមឈ្នះពានរង្វាន់នេះ។ សូមថ្លែងអំណរគុណដល់មិត្តរួមក្រុម Real Madrid ហើយខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកផ្សេងទៀតដែលបានជួយខ្ញុំឈានដល់កម្រិតនេះ»។ Ronaldo ដែលក៏បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA កាលពីខែតុលានោះ បានបន្ថែមពាន Ballon d’Or ឆ្នាំ២០១៧ ទៅលើពានដែលរូបគេបានឈ្នះកាលពីមុន ក្នុងឆ្នាំ២០០៨, ២០១៣, ២០១៤ និងឆ្នាំ២០១៦៕

កែសម្រួលដោយ៖ Cambosport

ប្រភព៖ Channel News Asia