កីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ៤នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលត្រូវបានគ្រោងរៀបចំឡើងនៅទីក្រុង Brussels។ នេះបើយោងទៅតាមការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin កាលពីថ្ងៃព្រហស្បតិ៍។

Brussels ធ្លាប់បានគ្រោងថា នឹងក្លាយជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានទាំង ១៣ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃយុទ្ធនាការ Euro ដ៏ពិសេសមួយនេះ ខណៈដែលវានឹងត្រូវរៀបចំឡើងទូទាំងទ្វីបអឺរ៉ុប មិនមែនស្ថិតក្នុងប្រទេសតែមួយឡើយ ដើម្បីអបអរខួបគម្រប់ ៦០ឆ្នាំរបស់ព្រឹត្តិការណ៍នេះ។ ប៉ុន្តែគណៈកម្មាធិការប្រតិបត្តិរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានចេញសេចក្តីសម្រេចជាឯកច្ឆន្ទ ក្នុងការដកសិទ្ធិម្ចាស់ផ្ទះលើការប្រកួត ៤លើកពី Brussels ដោយសារតែការអសមត្ថភាពរបស់អ្នករៀបចំការប្រកួតរបស់ទីក្រុងបែលហ្ស៊ិកមួយនេះ ក្នុងការធានាឲ្យបាននូវកីឡដ្ឋានថ្មី ដែលគួរតែត្រូវបានសាងសង់ឲ្យទាន់ពេលវេលា។

Wembley បច្ចុប្បន្ននឹងធ្វើជាម្ចាស់ផ្ទះការប្រកួត ៧លើក ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២លើក និងវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ផងដែរ។ UEFA ក៏បានប្រកាសផងដែរ ការប្រកួតបើកឆាកនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងនៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុង Rome។

លោក Ceferin បានឲ្យដឹងថា៖ «ដោយសារតែការបរាជ័យទៅលើគម្រោងកីឡដ្ឋានរបស់ Euro ក្នុងការឆ្លើយតបទៅនឹងលក្ខខណ្ឌផ្សេងៗ ដែលត្រូវបានដាក់ដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA អំឡុងកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ការប្រកួត៤គូ (វគ្គចែកពូល៣ប្រកួត និងវគ្គ១៦ក្រុមចុងក្រោយ១គូ) ដែលដំបូងឡើយត្រូវបានគ្រោងរៀបចំឡើងនៅទីក្រុង Brussels នឹងត្រូវប្តូរទៅរៀបចំកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍វិញ ក្រោមការបោះឆ្នោតដោយគណៈកម្មាធិការ»។ ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ឆ្នាំក្រោយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia