ក្រុម Manchester City របស់លោក Pep Guardiola នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីធ្វើការប្រកួតដ៏តានតឹងបំផុតនៃក្របខ័ណ្ឌ Premier League របស់ពួកគេមកទល់ពេលនេះ ស្របពេលដែលលោក Sam Allardyce នឹងដឹកក្រុមថ្មីរបស់លោក Everton ទៅកាន់ទឹកដីក្រុម Liverpool ខណៈដែលការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយទាំង ២គូនេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ។

Man City កំពុងតែនាំមុខ ៨ពិន្ទុដាច់នៅលើកំពូលតារាង ហើយការទទួលជ័យជម្នះនៅលើទឹកដីគូប្រជែងដ៏ខ្លាំងរបស់ពួកគេ អាចនឹងបញ្ចប់ក្តីសង្ឃឹមរបស់លោក Jose Mourinho ក្នុងការជួយឲ្យ Man United លើកពានក្របខ័ណ្ឌលីកជាលើកទី១ បើគិតចាប់តាំងពីការបញ្ចប់រជ្ជកាលដឹកនាំរបស់លោក Alex Ferguson។ ប៉ុន្តែ ស្របពេលដែលទីក្រុង Manchester នឹងក្លាយជាកន្លែងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ក្រុមឡើងទម្រង់លេង Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Merseyside តែមួយ។

ស្របពេលជាមួយគ្នានេះ ក្រុមឈលេខ៣ Chelsea នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម West Ham ខណៈដែល Spurs ត្រូវតែបញ្ចប់ការមិនស្គាល់ឈ្នះត្រឹម៤ប្រកួត ក្នុងការប្រកួតលីក ពេលប៉ះ Stoke ហើយ Arsenal សង្ឃឹមថា អាចស្តារមុខមាត់ត្រឡប់មកវិញ ក្រោយពីចាញ់ក្រុម Man United កាលពីចុងសប្តាហ៍មុន។

ក្រុមរបស់លោក Mourinho បានវិលត្រឡប់ពីការប្រកួតដ៏រំភើបនៅលើទឹកដីក្រុម Arsenal កាលពីចុងសប្តាហ៍មុន ជាមួយនឹងជ័យជម្នះ ៣-១ បើទោះបីក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងបាល់ ៧៥ភាគរយ និងមានឱកាសស៊ុតបាល់សំដៅទី ៣៣លើកក៏ដោយ។ ប៉ុន្តែ គ្រូបង្វឹករបស់ក្រុម Man United រូបនេះ ពិតជាមានអាវុថក្នុងការផ្តល់បញ្ហាដល់ក្រុម Man City ខណៈគ្រូបង្វឹករូបនេះមានតារាឆ្នើមៗជាច្រើនដូចជា Romelu Lukaku, Anthony Martial, Marcus Rashford និងខ្សែបម្រើកំពុងឡើងជើង Jesse Lingard។ Man United បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការផ្តួលក្រុម CSKA Moscow ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តលសប្តាហ៍នេះ ខណៈដែល Man City ចាញ់ក្រុម Shakhtar Donetsk ២-១។ ការប្រកួតនៅថ្ងៃអាទិត្យនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24