ក្រុមហង្សក្រហម Liverpool បានកាត់បន្ថយសម្ពាធនៅលើលោក Jurgen Klopp ខណៈដែលខ្សែប្រយុទ្ធ Roberto Firmino និង Mohamed Salah សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ដូចគ្នា ដើម្បីជួយឲ្យក្រុមខ្លួនលត់ក្រុម Maribor យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។

ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើក្នុងការប្រកួតបើកឆាកទាំងពីរលើករបស់ពួកគេ និងការធ្លាក់ចុះទម្រង់លេងក្នុងក្របខ័ណ្ឌ Premier League ក្រុម Liverpool បានធ្វើដំណើរទៅកាន់ប្រទេសស្លូវេនី ជាមួយនឹងការរិះគន់ជាច្រើនទាក់ទងនឹងការទិញចូលកីឡាករថ្មីរបស់លោក Klopp និងបច្ចេកទេសរៀបចំក្រុមរបស់លោក។ ប៉ុន្តែនៅពេលនេះ ក្រុមរបស់លោក Klopp បានបង្ហាញពីទម្រង់លេងយ៉ាងមុតស្រួច និងការវាយសម្រុកយ៉ាងល្អនៅតំបន់ប៉េណាល់ទី ដើម្បីបំបាក់ក្រុម Maribor យ៉ាងចាស់ដៃតែម្តង។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Liverpool ឡើងទៅឈរនៅលើកំពូលតារាងនៃពូល E ក្នុងក្របខ័ណ្ឌ Champions League ក្រោយពីក្រុម Sevilla បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៥-១ នៅលើទឹកដីក្រុម Spartak Moscow កាលពីថ្ងៃដដែលនោះ។ ជ័យជម្នះនេះ បានបំបែកកំណត់ត្រានៃការឈ្នះក្រៅដី ៦-០ របស់ក្រុម Leeds United លើក្រុមន័រវែស Lyn កាលពីខែតុលា ឆ្នាំ១៩៦៩ និងក្រុម Manchester United លើក្រុមអៀរឡង់ Shamrock Rovers កាលពីខែកញ្ញា ឆ្នាំ១៩៥៧។

លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំត្រូវបានគេបញ្ជាក់ប្រាប់ពីកំណត់ត្រានេះ បន្ទាប់ពីការប្រកួត ហើយខ្ញុំមិនបានដឹងឡើយ។ ប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃក្លិបនេះ អាចរំឭកដល់រឿងរ៉ាវចាស់ៗ ហេតុនេះ វាពិតជាល្អណាស់ក្នុងការបង្កើតប្រវត្តិសាស្ត្រដ៏ល្អមួយរបស់យើង»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាពិតជាលំបាកណាស់ក្នុងការបំបែកកំណត់ត្រានេះ។ វាពិតជារឿងដ៏កម្រក្នុងការយកឈ្នះ ៧-០ ប៉ុន្តែវាបានបង្ហាញថា យើងធ្វើបានយ៉ាងល្អដ៏មិនគួរឲ្យជឿ»៕

វីឌីអូហាយឡាយពីការប្រកួតរវាង Liverpool និង Maribor ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC