ក្លិប Borussia Dortmund បានបណ្តេញលោក Peter Bosz ចេញពីតំណែងគ្រូបង្វឹក ក្រោយពីការមិនស្គាល់ចាញ់របស់ពួកគេបានបន្តរហូតដល់ទៅ១២ប្រកួតក្នុងរាល់យុទ្ធនាការទាំងអស់ បន្ទាប់ពីចាញ់លើទឹកដីខ្លួនឯងនៅពេលប្រកួតជាមួយនឹងក្រុម Werder Bremen កាលពីថ្ងៃសៅរ៍។ លោក Hans-Joachim Watzke នាយកប្រតិបត្តិរបស់ក្លិប Dortmund បានឲ្យដឹងថា៖ «កាលពីយប់មិញ ក្នុងកិច្ចសន្ទនាមួយជាមួយនឹងលោក Peter Bosz យើងបានសម្រេចចិត្តថា យើងនឹងចែកផ្លូវជាមួយនឹងគាត់ភ្លាមៗ។ វាពិតជារឿងដ៏គួរឲ្យរំជួលចិត្ត ប៉ុន្តែ ក៏គួរឲ្យគោរពផងដែរ។ ក្នុងនាមខ្ញុំតំណាងឲ្យក្លិប Dortmund ខ្ញុំសូមថ្លែងអំណរគុណដល់លោក Peter Bosz។ យើងនៅតែចាត់ទុកថា គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់»។

លោក Bosz បានចូលកាន់តំណែងក្នុងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ កាលពីរដូវក្តៅ ប៉ុន្តែ បើទោះបីបានចាប់ផ្តើមយ៉ាងល្អក៏ដោយ ប៉ុន្តែ ទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះយ៉ាងគំហុក ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ក៏បានធ្លាក់ចូលក្នុងសម្ពាធតែម្តង។ ការរងបរាជ័យ ២-១ នៅពេលប្រកួតជាមួយនឹងក្រុម Werder Bremen កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យ Dortmund ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាងក្របខ័ណ្ឌ Bundesliga ខណៈដែលពួកគេក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល H បន្ទាប់ពីក្រុម Tottenham Hotspur និង Real Madrid ដោយមិនឈ្នះសូម្បីតែមួយប្រកួតក្នុងពូលរបស់ពួកគេ។

ក្លិបនេះបានប្រកាសថា អតីតគ្រូបង្វឹករបស់ក្លិប Cologne លោក Peter Stoger នឹងចូលកាន់តំណែងរហូតដល់បញ្ចប់រដូវកាលនេះ។ លោក Stoger បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ និងស្ថិតក្នុងកីឡដ្ឋាននេះ»៕