លោក Jurgen Klopp អ្នកចាត់ការទូទៅនៃក្រុមហង្សក្រហម Liverpool បានរិះគន់ទៅលើលោកអាជ្ញាកណ្តាល Craig Pawson ចំពោះការកាត់សេចក្តីឲ្យមានបាល់ប៉េណាល់ទី ដែលបានអនុញ្ញាតឲ្យក្រុម Everton តាមស្មើក្នុងលទ្ធផល ១-១ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Merseyside កាលពីថ្ងៃអាទិត្យ។

លោក Klopp បានផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយពីលោក Pawson បានផ្តល់បាល់ប៉េណាល់ទីនៅនាទី ទី៧៧ សម្រាប់ការប្រជែងដណ្តើមបាល់របស់ Dejan Lovren ជាមួយនឹងខ្សែប្រយុទ្ធ Dominic Calvert-Lewin។ ខ្សែប្រយុទ្ធ Wayne Rooney បានស៊ុតបាល់ប៉េណាល់ទីនោះដើម្បីរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Merseyside តែមួយជាលើកដំបូងរបស់គេ និងតាមស្មើគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ Mohamed Salah។

លោក Klopp បានឲ្យដឹងក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍មួយថា៖ «ខ្ញុំមិនយល់ពីមូលហេតុដែលលោកអាជ្ញាកំពុងតែធ្វើឡើយ។ Lovren មិនបានធ្វើការប្រជែងដណ្តើមបាល់ឡើយ។ Calvert-Lewin បោះជំហានទៅមុខ ហើយដៃដាក់ពីក្រោយខ្នង»។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមទៀតថា៖ «ប្រសិនបើអ្នកគិតថា វាជាបាល់ប៉េណាល់ ក៏គិតទៅចុះ។ តើខ្ញុំមានការផ្លាស់ប្តូរគំនិតទេ? ខ្ញុំគ្រាន់តែចង់និយាយទៅកាន់មនុស្សដែលមានការយល់ដឹងតិចតួចពីកីឡាបាល់ទាត់។ ខ្ញុំសុំទោស បើខ្ញុំខុស ហើយអ្នកគិតត្រូវ។ ពិតណាស់ ខ្ញុំមិនមានអារម្មណ៍ឆ្លើយសំណួរផ្សេងៗឡើយ»។

ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Klopp ក្នុងការមិនប្រើប្រាស់ខ្សែប្រយុទ្ធកំពុងតែឡើងជើង Philippe Coutinho និង Roberto Firmino បានរងនូវការរិះគន់ ប៉ុន្តែគ្រូបង្វឹករូបនេះ បានបដិសេធក្នុងការទទួលការស្តីបន្តោស ដោយធ្វើការរិះគន់ទៅលើការផ្តោតតែតំបន់ការពាររបស់ក្រុម Everton៕