លោក Jose Mourinho បានទទួលស្គាល់ថា ការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ស្ទើរតែបញ្ចប់ទៅហើយ ក្រោយពីក្រុម Manchester City បានផ្តល់ការខកចិត្តដ៏ធំមួយដល់ការប្រជែងពានរបស់ក្រុម Manchester United តាមរយៈការកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ។ Man City បានបន្ថែមការនាំមុខ ១១ពិន្ទុដាច់លើក្រុមឈរលេខ២ Man United ខណៈដែលគ្រាប់បាល់បញ្ចូលទីនៅតង់ទី២ របស់ខ្សែការពារ Nicolas Otamendi បានជួយឲ្យក្រុមភ្ញៀវកត់ត្រាជ័យជម្នះជាលើកទី១៤ ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League។

លោក Mourinho គ្រូបង្វឹករបស់ក្រុម Man United មានអារម្មណ៍ថា ក្រុមរបស់លោក Pep Guardiola មានសំណាងក្នុងការប្រកួតនៅកីឡដ្ឋាន Old Trafford ស្របពេលដែលខ្សែបម្រើ Ander Herrera បានរងពិន័យកាតលឿងសម្រាប់ការធ្វើពុតជាដួល ក្រោយពីការដណ្តើមបាល់ពីកីឡាករ Otamendi ប៉ុន្តែក្រុមម្ចាស់ផ្ទះបានគិតថា វាជាបាល់ប៉េណាល់ទី។ ទោះបីជាយ៉ាងណា គ្រូបង្វឹករូបនេះបានទទួលស្គាល់ថា លោក Guardiola ហាក់កំពុងតែដឹកនាំឲ្យក្រុម Man City ឆ្ពោះទៅកាន់ការឈ្នះពាន។

នៅពេលដែលត្រូវបានចោទសួរថា តើការប្រជែងពានបញ្ចប់ហើយមែនទេ? លោក Mourinho បានឆ្លើយថា៖ «ប្រហែលជាបញ្ចប់ហើយ។ ខ្ញុំជឿជាក់ថា រាល់ក្រុមទាំងពីរនឹងប្រជែងដណ្តើមពិន្ទុ និងព្យាយាមកាត់បន្ថយការដេញតាមពីក្រោយ ប៉ុន្តែការមានប្រៀបនោះពិតជាធំណាស់»។ លោក Mourinho បានបន្ថែមទៀតថា៖ «Manchester City គឺជាក្រុមដ៏ខ្លាំងមួយ ហើយពួកគេត្រូវបានការពារដោយសំណាង ហើយព្រះជាម្ចាស់នៃកីឡាបាល់ទាត់ក៏ចាំជួយដល់ពួកគេផងដែរ»៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Man.United vs Man.City៖