ក្រុមតោខៀវ Chelsea ត្រូវតែស្វែងវិធីសាស្ត្រក្នុងការទម្លាក់ក្រុមម្ចាស់ជើងឯក ៥សម័យកាល Barcelona ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្របពេលដែលក្រុម Tottenham ក៏នឹងត្រូវជួបការប្រកួតដ៏តានតឹងមួយផងដែរ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯករងកាលពីមុន Juventus។

ក្រុមតោខៀវរបស់លោក Antonio Conte បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលរបស់ពួកគេ បន្ទាប់ពីក្រុម Roma ហើយពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ La Liga ខណៈដែលការប្រកួតជើងទី១ នឹងត្រូវប្រព្រឹត្តទៅនៅកីឡដ្ឋាន Stamford Bridge។

ស្របពេលជាមួយគ្នានេះ ក្រុម Manchester City នឹងត្រូវជួបការប្រកួតដ៏ងាយស្រួលមួយ នៅពេលដែលពួកគេត្រូវបានចាប់ឆ្នោតឲ្យជួបជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ស្វ៊ីស Basel ខណៈដែល Liverpool ទៅជួប Porto។

លោក Conte បានឲ្យដឹងថា៖ «វាជាការចាប់ឆ្នោតមួយ។ ប្រតិកម្មរបស់យើងត្រូវតែវិជ្ជមាន។ នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលនេះ អ្នកត្រូវតែត្រៀមឲ្យបានរួចរាល់ក្នុងការជួបរាល់ក្រុមទាំងអស់។ ក្នុងករណីនេះ យើងត្រូវតែត្រៀមឲ្យបានរួចរាល់ក្នុងការជួប Barcelona។ នៅពេលដែលអ្នកលេងជាមួយនឹង Barcelona អ្នកត្រូវតែលេងឲ្យបាន ១២០ភាគរយលើទឹកដីខ្លួនឯង»។

ក្រុម Manchester United ក៏នឹងជួបការប្រកួតដ៏ងាយស្រួលផងដែរ ដោយពួកគេនឹងត្រូវប្រកួតជាមួយនឹងក្រុម Sevilla ដើម្បីប្រជែងកៅអីទៅវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺរវាងក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid និង Paris Saint-Germain ខណៈដែលក្រុម Shakhtar Donetsk នឹងត្រូវប៉ះជាមួយនឹងក្រុម Roma ហើយ Bayern Munich ទៅជួប Besiktas។

ការប្រកួតជើងទី១ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអង្គារ និងថ្ងៃពុធ ទី១៣ និងទី១៤ ខែកុម្ភៈ ខណៈដែលការប្រកួតជើងទី២ នឹងត្រូវប្រព្រឹត្តទៅនៅសប្តាហ៍បន្ទាប់ពីនោះ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian