តារាឆ្នើមអន្តរជាតិអេហ្ស៊ីប Mohamed Salah បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព គឺពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្វ្រិកនៃទូរទស្សន៍ BBC (BBC African Player of the Year) កាលពីថ្ងៃចន្ទ ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះសម្រាប់ក្រុម Liverpool, Roma និងក្រុមបាល់ទាត់ជម្រើសជាតិរបស់គេ នៅឆ្នាំ២០១៧នេះ។

ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ បានឈរលេខ១ក្នុងការបោះឆ្នោតមួយដែលមានសំឡេងឆ្នោតជាច្រើន ក្រោយពីបានជួយឲ្យក្រុមជម្រើសជាតិអាហ្ស៊ីប ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Africa Cup of Nations ក៏ដូចជាបានជួយឲ្យក្រុមអេហ្ស៊ីបរបស់គេ ឈ្នះកៅអីទៅជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០ តាមរយៈការស៊ុតបាល់បញ្ចូលទី ៥គ្រាប់ និងជួយឲ្យមិត្តរួមក្រុមខ្លួនរកបាន ២គ្រាប់ទៀត ក្នុងវគ្គជម្រុះ។

Salah ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងការរកបាន ១៣គ្រាប់នោះ ក៏បានស៊ុតបាល់បញ្ចូលទី ១០គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់ សម្រាប់ក្រុម Roma ក្នុងឆ្នាំ២០១៧ ផងដែរ នៅមុនពេលផ្ទេរទៅកាន់ក្លិប Liverpool។ Salah បានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការឈ្នះពានរង្វាន់នេះ។ វាគឺជាអារម្មណ៍ដ៏ពិសេសមួយ នៅពេលដែលអ្នកឈ្នះអ្វីមួយ។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំមានឆ្នាំដ៏អស្ចារ្យមួយ ហេតនេះ ខ្ញុំពិតជារីករាយណាស់»។ Salah បានផ្តួលគូប្រជែងដែលតារាឆ្នើមៗជាច្រើន ដើម្បីក្លាយជាកីឡាករអេហ្ស៊ីបទី៣ ក្នុងការឈ្នះពានរង្វាន់នេះ និងជាកីឡាករដំបូងគេក្នុងការឈ្នះពាននេះ បើគិតចាប់តាំងពី Mohamed Aboutrika បានឈ្នះពានកិត្តិយសនេះ កាលឆ្នាំ២០០៨៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Channel News Asia