ក្លិប Manchester United និង Manchester City កំពុងតែមានភាពចម្រូងចម្រាស់គ្នាទាក់ទងនឹងជម្លោះនៅឯផ្លូវចេញចូលទៅកាន់ទីលាននៃកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃអាទិត្យ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA ត្រូវបានរំពឹងទុកថា នឹងទទួលបាននូវការឆ្លើយតបផ្សេងគ្នាទាក់ទងនឹងឧប្បត្តិហេតុនោះ ពីក្លិបទាំងពីរ។

Man United និង Man City មានរយៈពេលរហូតដល់ម៉ោង៦ល្ងាច (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធ ដើម្បីផ្តល់ចម្លើយរបស់ពួកគេទៅឲ្យ FA ទាក់ទងនឹងជម្លោះវាយតប់គ្នារវាងកីឡាករ និងបុគ្គលិកចំនួន ២០នាក់ពីក្លិបទាំងពីរ បន្ទាប់ពីក្រុមរបស់លោក Pep Guardiola បានយកឈ្នះលើក្រុមរបស់លោក Jose Mourinho ក្នុងលទ្ធផល ២-១។ ក្លិបនីមួយៗ សុទ្ធសឹងបានធ្វើការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមកសម្រាប់ហេតុការណ៍នេះ។

FA អាចនឹងស្នើសុំរូបភាពវីដេអូរបស់កាមេរ៉ាសុវត្ថិភាព CCTV ពី Man United ប្រសិនបើមាន ហើយអង្គភាពមួយនេះ ជឿជាក់ថា វីដេអូ នឹងជួយជម្រះអ្វីដែលបានកើតឡើង។ ស្របពេលដែលគ្រូបង្វឹកជំនួយរបស់ Man City គឺលោក Mikel Arteta បានចាកចេញពីកីឡដ្ឋាន ដោយមានឈាមស្រោចពេញមុខ មូលហេតុនេះនៃការរងរបួសនៅតែមិនទាន់មាននរណាដឹងឡើយ។

វាត្រូវបានគេយល់ឃើញថា ជំហររបស់ Man City ទៅលើការផ្ទុះជម្លោះនេះ គឺថា លោក Mourinho បានបញ្ចេញឥរិយាបថបែបង្កជម្លោះ តាមរយៈការដើរទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ក្រុម Man City ដែលនៅមិនឆ្ងាយពីបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ Man United។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ បានបញ្ចេញប្រតិកម្មតបទៅនឹងការចាញ់របស់ក្រុមខ្លួន ខណៈដែលសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា អ្នកចាត់ការទូទៅនេះ បានផ្ទុះកំហឹងយ៉ាងខ្លាំង នៅពេលដែលអ្នកចាំទី Ederson របស់ Man City បាននិយាយថា៖ «អ្នកកំពុងបង្ហាញពីការគោរព (You fucking show respect)។ តើអ្នកជានរណា?»។ លោក Mourinho ក៏បានរងនូវការជះទឹក និងទឹកដោះពីលើខ្លួនផងដែរ ក៏ដូចជាបានរងនូវការវាយដោយដបជ័រទៅលើក្បាលរបស់លោក៕