លោក Jose Mourinho បានចោទប្រកាន់កីឡាករនៃក្រុម Manchester City ថា ខ្វះនូវការអប់រំ ជុំវិញការអបអររបស់ពួកគេនៅឯកីឡដ្ឋាន Old Trafford ក្រោយពីទទួលជ័យជម្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយកាលពីថ្ងៃអាទិត្យ។

អ្នកចាត់ការទូទៅរបស់ក្រុម Manchester United រូបនេះ ពិតជាស្ទាក់ស្ទើរក្នុងការនិយាយពីការប៉ះទង្គិចគ្នានៅខាងក្រៅបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ បន្ទាប់ពីក្រុម Man City ទទួលជ័យជម្នះ ២-១ នៅ Old Trafford។ លោក Mourinho បានរងនូវការជះទឹកដោះគោពីលើខ្លួន ក្រោយពីបានសម្តែងនូវការមិនពេញចិត្តចំពោះការអបអរជ័យជម្នះរបស់ក្រុម Man City។ លោក Mikel Arteta គ្រូបង្វឹកជំនួយរបស់ Man City ត្រូវបានគេឃើញថា បានរងរបួសនៅត្រង់ថ្ងាសរបស់គេ ក្នុងជម្លោះវាយតប់គ្នានោះ ក្រោយពីរូបលោកបានរងនូវការចោលដបទឹកផ្លាស្ទីកពីលើ បើទោះបីមិនមាននរណាដឹងថា កីឡាកររូបណាជាអ្នកចោលក៏ដោយ។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានស្នើឲ្យក្លិបទាំងពីរ ដាក់ការស៊ើបអង្កេតរបស់ពួកគេទៅលើឧប្បត្តិហេតុនេះ និងបានផ្តល់ពេលវេលាឲ្យពួកគេរហូតដល់ថ្ងៃពុធ ក្នុងការឆ្លើយតប។ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បាននិយាយថា កីឡាកររបស់លោកមិនបានអបអរជ្រុលហួសហេតុពេកឡើយ ក្រោយពីការដណ្តើមបានជ័យជម្នះនេះ ដែលបានធ្វើឲ្យពួកគេនាំមុខ ១១ពិន្ទុដាច់លើក្រុមឈរលេខ២ Man United។ ប៉ុន្តែ លោក Mourinho បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Manchester ថា៖ «រូបគេនិយាយ រូបគេនិយាយ។ ខ្ញុំមិនមែនមកទីនេះដើម្បីបកស្រាយលើពាក្យសម្តីរបស់គេឡើយ។ រឿងតែមួយដែលខ្ញុំអាចនិយាយ គឺជារឿងសម្រាប់ខ្ញុំ។ ប៉ុន្តែ វាគ្រាន់តែជាករណីទាក់ទងនឹងភាពផ្សេងគ្នាប៉ុណ្ណោះ។ ភាពផ្សេងគ្នាទៅលើឥរិយាបថ និងភាពផ្សេងគ្នាទៅលើការអប់រំ។ មិនមានរឿងអ្វីលើសពីនេះឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia