ខ្សែប្រយុទ្ធ Ashley Barnes របស់ក្រុម Burnley បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមរបស់គេបានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ នៃក្របខ័ណ្ឌ Premier League តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Stoke City កាពីថ្ងៃអង្គារ។

ការប្រកួតដ៏ស្វិតស្វាញនេះ ដែលក្រុម Stoke បានបង្កើតឱកាសល្អច្រើនជាងនោះ ហាក់ដូចជាត្រូវបញ្ចប់ក្នុងលទ្ធផលស្មើទៅហើយ នៅមុនពេល Barnes បានស៊ុតបាល់ផុតដៃរបស់អ្នកចាំទី Jack Butland ចូលទីយ៉ាងល្អនៅនាទី ទី៨៩។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរបស់លោក Sean Dyche រកបានដល់ទៅ ៣១ពិន្ទុពីការប្រកួត ១៧លើក ដើម្បីឡើងទៅឈរពីលើក្រុម Tottenham Hotspur, Arsenal និង Liverpool ដែលនឹងត្រូវលេងនៅរាត្រីថ្ងៃពុធនេះ។

ស្របពេលជាមួយគ្នានេះ ក្រុម Chelsea បានផ្តល់ការរីករាយដល់លោក Antonio Conte ក្រោយពីបានតាមស្មើពិន្ទុជាមួយនឹងក្រុមឈរលេខ២ Manchester United ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីសំណាក់ខ្សែបម្រើ Bakayoko, Willian និង Pedro បានធ្វើឲ្យក្រុម Huddersfield រងបរាជ័យក្នុងលទ្ធផល ៣-១ ដែលជាការចាញ់ជាលើកទី៥ របស់គេក្នុងចំណោមការប្រកួត ៦លើក។

ខ្សែបម្រើអន្តរជាតិបារាំង Bakayoko បានជួយឲ្យក្រុមរបស់លោក Conte រកបានគ្រាប់បាល់នាំមុខមុនក្នុងការប្រកួតក្រោមអាកាសធាតុសើម។ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Willian បានបន្ថែមការនាំមុខសម្រាប់ក្រុមខ្លួន នៅមុនពេលបញ្ចប់តង់ទី១ នៅមុនពេល Pedro បានរកគ្រាប់បាល់ទី៣ សម្រាប់ក្រុមខ្លួន។ កីឡាករបម្រុង Laurent Depoitre បានតែតបាល់បញ្ចូលទីដើម្បីវាយបក ១គ្រាប់វិញ ប៉ុន្តែ វាយឺតពេលបន្តិចទៅហើយក្នុងការជួយសង្គ្រោះក្រុម Huddersfield៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Huddersfield vs Chelsea​ ៖