លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បានធ្វើការព្រមានដល់ក្រុមរបស់លោកមិនឲ្យមើលស្រាលទៅលើក្រុម Al Jazira ខណៈដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Club World Cup នារាត្រីនេះ។

Al Jazira នឹងឈានទៅកាន់យុទ្ធនាការនេះ ក្នុងនាមជាក្រុមម្ចាស់ជើងឯករបស់ប្រទេសម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម និងបានឈានទៅវគ្គ៤ក្រុមចុងក្រោយនេះ តាមរយៈការផ្តួលក្រុម Auckland City របស់នូវែលសេឡង់ ក្នុងលទ្ធផល ១-០ ហើយបន្ទាប់មក បានផ្តួលក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាស៊ី Urawa Red Diamonds ក្នុងលទ្ធផលដូចគ្នានេះ កាលពីចុងសប្តាហ៍មុន។

លោក Zidane បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ «វានឹងមិនមែនជាការប្រកួតដ៏ស្រាយស្រួលសម្រាប់យើងឡើយ។ ប្រសិនបើយើងគិតបែបនោះ យើងគឺគិតខុសហើយ»។

Real កំពុងតែសង្ឃឹមថា នឹងការពារពាន Club World Cup យ៉ាងជោគជ័យ ក្រោយពីពួកគេបានឈ្នះពាននេះ ក្នុងប្រទេសជប៉ុន កាលពីរយៈពេល ១២ខែមុន ដែលនៅពេលនោះការរកគ្រាប់បាល់បញ្ចូលទី៣ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងវគ្គផ្តាច់ព្រ័ត្រ បានជួយឲ្យពួកគេយកឈ្នះលើក្រុម Kashima Antlers ហើយក្រុម Real ក៏សង្ឃឹមថា អាចឈ្នះពានជាលើកទី៥ របស់ពួកគេក្នុងឆ្នាំតែមួយផងដែរ។

ប៉ុន្តែ លោក Zidane បានធ្វើការព្រមានដល់ក្រុមខ្លួនថា៖ «នេះគឺជាការប្រកួតដ៏សំខាន់បំផុតប្រចាំឆ្នាំរបស់ពួកគេ ហើយនោះគឺជាមូលហេតុដែលយើងត្រូវតែត្រៀមលក្ខណៈឲ្យបានល្អ» ខណៈដែលក្រុម Al Jazira ត្រូវបានបង្វឹកដោយលោក Henk ten Cate អតីតគ្រូបង្វឹកជំនួយរបស់ក្លិប Barcelona។

ទាក់ទងនឹងការប្រជែងយកពានទី៥ នៅឆ្នាំនេះ លោក Zidane បានបន្ថែមទៀតថា៖ «យើងចង់ការពារពានរង្វាន់នេះ ដែលយើងបានឈ្នះកាលពីឆ្នាំមុន ហើយនោះគឺជាមូលហេតុដែលយើងមកទីនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១២រំលងអធ្រាត្រ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Worldsoccertalk